ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង០២:៣០នាទីរសៀល នគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យទិញត្រីឆក់ និងលក់អាំងវ៉ិចទ័រ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការ។ នេះជាបញ្ជាក់អោយដឹងពី លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា នៅយប់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២២។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានបន្តថា, ក្នុងថ្ងៃដដែលនេះ វេលាម៉ោង០៤:៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបព្ជូានទៅតុលាការផងដែរ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា, យើងត្រូវធ្វើការបង្ក្រាបបញ្ចប់ដល់ឫសគល់ បើអ្នកនៅតែមិនបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងនៅតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់រហូតដល់បញ្ចប់ទាំងស្រុងនូវបទល្មើសនេសាទ និងការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប ៕
ដោយ ៖ សិលា