ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២ កំពុងផ្សព្វផ្សាយលក់ផលិតផល គ្រឿងសម្អាងឈ្មោះ BLACK SHEEP គ្មានលេខបវទន៍ពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាម ការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២ ៖ ១-Black Sheep By Bolla ២-Bolla កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងឈ្មោះ BLACK SHEEP គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២១។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យរាល់ការចរាចរ ឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវមានលេខបញ្ជីកា ឬលេខ ប្រវេទន៍ពីក្រសួងសុខាភិបាល ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញឱសថ ផលិតផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ជិកា ឬប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្របញ្ជិកា និងប្រវេទន៍ត្រឹមត្រូវ គឺមាន ២ផ្នែក ១-ផ្នែកខាងលើមានឈ្មោះគ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ឬប្រវេទន៍ ដូចមាន គំរូភ្ជាប់ជាមួយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលគ្មាន លេខប្រវេទន៍ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកខាងលើ និងគណនីផ្សេងៗទៀត ដែលនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ផលិតផលខាងលើនេះទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង ឱសថជាធរមាន។
ក្នុងករណីបងប្អូនបានប្រទះឃើញជនណាកំពុងចែកចាយ ឬលក់នូវផលិតផលខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំរវាង សូមទំនាក់ទំនងតាមរយៈលេខ ទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦ ៕
ដោយ ៖ សិលា