ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបេីកបរ​រថយន្ត វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ផ្អៀង​ធ្លាក់​ប្រឡាយ​ថ្នល់របួសធ្ងន់ស្រាល១៨នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់កម្មករកម្មការិនី ១៨ នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីអ្នកបេីកបរ​រថយន្ត វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ផ្អៀង​ធ្លាក់​ប្រឡាយ​ថ្នល់​ ចាក់មនុស្សពាសពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមកកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២២ នៅលើ​ផ្លូវ​៣៣៤ ស្ថិតនៅចំណុច​ភូមិ ត្រពាំង​កំពឹស​ ឃុំ​ខ្សែត្រ​ ស្រុកកំពង់​រោទ៍ ខេត្ត​ស្វាយរៀង​ ។

យោងតាមលោក ហែម សាមុត អធិការនគរបាលស្រុកបានឲ្យដឹងថាអ្នកបើករថយន្ដបង្កហេតុត្រូវបានស្គាល់ឈ្មោះ ​មុឹក រតនា អាយុ ២៤​ឆ្នាំ មុខ​របរ អ្នក​បើកបរ​រថយន្ត​ដឹក​កម្មករមានទីលំនៅភូមិ​បន្ទាយ​ក្រាំង​ ឃុំ​បន្ទាយ​ក្រាំង​ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ក្រោយឃើញសភាពមិនស្រួលបានរត់គេចខ្លួនភ្លាមៗបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។

បើតាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿង​ម៉ាក  ហុីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ស្វាយរៀង​ ៣A-២៤៥៨ នៅលើ​ផ្លូវ​៣៣៤ ទិសដៅពីកេីតទៅលិចដោយបេីកបរ​ វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​បណ្ដាល​ឲ្យ​រថយន្ត​ផ្អៀង​ធ្លាក់​ប្រឡាយ​ថ្នល់​ ចាក់មនុស្សចោលពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ច។

ចំណែកកម្មករកម្មការិនីទាំង១៨នាក់ របួសធ្ងន់​៣នាក់ស្រី ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។

បច្ចុប្បន្ន​សមត្ថកិច្ចបានវាស់វែងនិងអូសយក វត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សែត្រ  ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕

ដោយ៖យឹម សុថាន


ចែករំលែក៖