ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃឹម ហ្វីណង់ ៖ ភូមិមួយទៀតនៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡា

ចែករំលែក៖

ខេត្តសៀមរាប ៖ ភូមិមួយទៀតនៅក្នុងស្រុកបន្ទាយស្រីត្រូវបានបំពាក់អំពូលសូឡា៖ សូមចូលរួមត្រេកអរដល់អ្នកភូមិរំចេក! ថ្ងៃមុនទើបតែបានផ្លូវបេតុង ថ្ងៃនេះថែមទាំងបានអំពូលសូឡានៅតាមមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត! នេះជាការថ្លែង របស់ លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប នៅព្រលប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ 

លោកបន្តថា, អំពូលសូឡាចំនួន ២៤០គ្រឿង ដែលបានមកពីការកៀរគររៃអង្គាសថវិកាពីសប្បុរសជននានា និងការចូលរួមបដិភាគជាដងទម្រអំពូលពីសំណាក់បងប្អូនប្រជាពលរដ្ឋម្ចាស់ផ្ទះនីមួយៗ គឺជាផ្នែកមួយនៃយុទ្ធនាការ«ផ្ទះ១ អំពូល១»របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងបេសកកម្មលើកស្ទួយគុណភាពជីវិតនាពេលរាត្រីរបស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពនៅក្នុងភូមិឃុំ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់។

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុក បន្ទាយស្រី ខេត្តសៀមរាប បានលើកឡើងថា, ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ចាំង សុឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែកឧបត្ថម្ភជាថវិកាចំនួន ៨លានរៀល ជាមួយរដ្ឋបាលស្រុកនៅក្នុងយុទ្ធនាការលើកនេះ ហើយថែមទាំងបានរៀបចំជាអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋមកពីភូមិរំចេកចំនួន៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានជីធម្មជាតិ ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ។

លោកបញ្ជាក់ថា, រហូតមកដល់ពេលនេះ យុទ្ធនាការ”ផ្ទះ១អំពូល១”បានទៅដល់គ្រប់ឃុំទាំងអស់នៅក្នុងស្រុកបន្ទាយស្រីរួចហើយ គ្រាន់តែឃុំខ្លះបានគ្រប់ភូមិ ហើយឃុំខ្លះទៀតមិនទាន់បានគ្រប់ភូមិនៅឡើយ ដោយភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុងដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេ ៕

ដោយ ៖ សិលា


ចែករំលែក៖