ខេត្តស្វាយរៀង ៖ នារសៀលថ្ងៃទី ៣១ខែ មីនា ឆ្នាំ ២០២២ ព្រះគ្រូចៅអធិការវត្តនានាក្នុងក្រុងស្វាយរៀងគណៈអភិបាលខេត្តលោកគ្រូអ្នកគ្រូសិក្សានុសិស្សសាលាបឋមសិក្សាព្រះសីហនុក្រុងស្វាយរៀងបានរៀបចំធ្វើពិធីបុណ្យផ្ការស្មីសាមគ្គីពុទ្ធាភិសេកព្រះពុទ្ធរូបនិងឆ្លងសមិទ្ធផលនានាដែលបានកសាងរួចដើម្បីប្រមូលបច្ច័យយកទៅកសាងកែលម្អសោភ័ណភាពបរិស្ថាននៅសាលាបន្តទៀត។
ពិធីបុណ្យផ្ការស្មីសាមគ្គីនេះបានផ្ដួចផ្ដើមឡើងដោយព្រះគ្រូយុត្តាវឺក រឹកសាបូ ព្រះរាជ គណៈកិត្តិយស អនុគុណក្រុងស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តគយត្របែក សង្កាត់គយត្របែកក្រុងស្វាយរៀង ។
លោក ម៉ែនវិបុលអភិបាលខេត្តរួមនិងថ្នាក់ដឹកនាំមន្ត្រីរាជការឧកញ៉ា លីយូគៀកនិងលោកស្រីក្នុងគោលបំណងសាងសង់ឲ្យបាននូវពុទ្ធរូប រូបសំណាកសម្ដេចព្រះសង្ឃរាជជួនណាតរូបសំណាកព្រះជ័យវរ្ម័នទី ៧ លោកតាភិរម្យអ៊ូហៅង៉ុយដែលសុទ្ធសឹងជាអ្នកប្រាជ្ញខ្មែរជំនាន់មុនដើម្បីទុកឲ្យកូនចៅ សិក្សានុសិស្សជំនាន់ក្រោយៗទៀតបានស្គាល់និងរៀនសូត្រតាម។
ក្នុងឱកាសនោះលោកឧកញ៉ា លីយូគៀក បានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញដើម្បីកសាងនិងអភិវឌ្ឍវិស័យផ្សេងៗឲ្យកាន់តែរីកចម្រើនបន្ថែមទៀតទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រដោយសារស្ថានភាពជំងឺកូវីដ-១៩ក៏មានភាពស្ងប់ស្ងាត់បន្តិចប៉ុន្តែ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ដោយត្រូវរស់នៅជាមួយ covid-19 និងអនុវត្តវិធានការសុខាភិបាល ៣ កុំ ៣ការពារ ជាប្រចាំ។
លោកឧកញ៉ាក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ សាលាបឋមសិក្សាព្រះសីហនុទាំងមូលត្រូវបង្ហាត់បង្រៀនឲ្យសិស្សានុសិស្សចេះគោរពរូបព្រះបដិមាករដែលជាតំណាងកំពូលអ្នកប្រាជ្ញចេះដឹងនិងបង្ហាត់បង្រៀនឲ្យសិស្សចេះសូត្រធម៌មុនចូលរៀននៅក្នុងថ្នាក់។
លោកស្រីទុំទីណា នាយិកា សាលាបឋមសិក្សាព្រះសីហនុក្នុងនាមលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៅទីនោះបានថ្លែងអំណរព្រះគុណនិងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃក្នុងក្រុងស្វាយរៀងនិងលោកឧកញ៉ាមន្ត្រីរាជការប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមកសាងនូវសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាព្រះសីហនុសម្រាប់ជាប្រយោជន៍សាធារណៈក្នុងវិស័យអប់រំនាពេលនេះ ៕
ដោយ៖ យឹម សុថាន