ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង០០នាទីព្រឹក នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត ១៤០ នៃច្បាប់ស្តីពីការគ្រប់គងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
២-សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ។
៣-បញ្ហាផ្សេងៗ ។
ក្រោយពីបានស្តាប់របាយការណ៍ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចតាមរបៀបវារៈ ដែលមានលទ្ធផលនិងខ្លឹមសារសង្ខេបដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ក្នុងរយៈពេលប្រមាណជិត១៤ឆ្នាំ បន្ទាប់ពីច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេច បាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិង ប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារ ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាព បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍនិងកម្មវិធីវិនិយោគ រដ្ឋបាល ថ្នាក់ក្រោមជាតិ ជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នាពេលកន្លងមក ការអនុវត្តច្បាប់ខាងលើក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របតាមការរីកចម្រើនជាតំបន់ទីក្រុងធំៗ តំបន់ទីក្រុងឬទីប្រជុំជន តំបន់ជនបទ ការផ្ទេរមុខងារនិងធនធានផ្អែកតាមចរិតលក្ខណៈនៃរដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរកាន់តែច្រើនឡើង ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ផ្អែកលើបរិបទជាក់ស្តែងនៃស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និង ស្របពេលដែលកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅ ពិសេស ការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដូចបានកំណត់ ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាព ជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀតនោះ ឃើញថាការពង្រឹងស្ថាប័ននិង ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗកាន់តែមានថាមពលនិងសក្តានុពលក្នុងការរួមចំណែកសម្រេចឱ្យបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។
តាមរយៈមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈ អភិបាលស្រុក និងគណៈអភិបាលខណ្ឌ និងអនុក្រឹត្យចំនួន៣បន្តបន្ទាប់ទៀត ដែលរហូតមកដល់ បច្ចុប្បន្ននេះចំនួនអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានបង្កើនដល់ចំនួនអតិបរមា ដែលច្បាប់បានកំណត់ ដោយក្នុងនោះចំនួនគណៈអភិបាលរាជធានី ខេត្ត មានសរុប ១៧៥រូប និងចំនួនគណៈអភិបាលក្រុង ស្រុក ខណ្ឌ មានសរុប ១០២០រូប។
ក្នុងន័យនេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងក្នុងគោលបំណងកែសម្រួលចំនួន គណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិ ឱ្យមានចំនួនសមស្របទៅតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ចនិងកំណើន ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដើម្បីរ៉ាប់រងអនុវត្តមុខងារនិងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តនូវតួនាទីជាតំណាងឱ្យ រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ឱ្យកាន់តែមាន ប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
នៅមូលដ្ឋាន។
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា ១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាគីនីន ។ ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវបានរៀបចំឡើងដោយមានចំនួនពីរមាត្រា ហើយត្រូវបានសកមចកភាព ដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
២-សេចក្តីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវ នៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍ជាអន្តរជាតិន ការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងសកល។ តាមរយៈសេចក្តីព្រាងច្បាប់នេះ នឹងកំណត់នូវគោលការណ៍ជាមូលដ្ឋាន ដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្ថិភាពនិង ស្របតាមស្ដង់ដារកំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មានគោលបំណងផ្ដល់ការការពារសុខភាព និងសុវត្ថិភាពម្ហូបអាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឱ្យមាននូវការធ្វើពាណិជ្ជកម្មម្ហូបអាហារ ប្រកបដោយភាពស្មោះត្រង់។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏ត្រូវបានរៀបចំឡើងដើម្បី គ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម និងធានាថា ផលិតផលម្ហូបអាហារទាំងអស់ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺមានភាពស្របច្បាប់ គុណភាព សុវត្ថិភាព និងអនាម័យល្អសម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។
សេចក្តីព្រាងច្បាប់នេះ នឹងបង្កលក្ខណៈឱ្យព្រះរាជាណាចក្រកម្ពុជារៀបចំនូវប្រព័ន្ធសុវត្ថិភាព ម្ហូបអាហារដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្ត្រទប់ស្កាត់ជាមុន និងការត្រួតពិនិត្យ ខ្សែចង្វាក់ផលិតកម្ម ជាជាងការត្រួតពិនិត្យនិងវិភាគលើផលិតផល។ ជាមួយគ្នានេះ សេចក្តីព្រាង ច្បាប់នេះក៏នឹងបង្កើតនូវមូលដ្ឋានវិទ្យាសាស្ត្រនិងការវិភាគរកហានិភ័យ បង្កើតឱ្យមាននូវរំហូរសេរី នៃទំនិញ សេវាកម្ម និងការវិនិយោគ ស្រូបយកអាជីវកម្ម អ្នកជំនាញ ទេពកោសល្យ និងលំហូរន ដើមទុនដោយសេរី ព្រមទាំងលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងធានាឱ្យប្រជាពលរដ្ឋគ្រប់រូបនៅកម្ពុជាទទួលបាននូវម្ហូបអាហារមានសុវត្ថិភាព។ លើសពីនេះ សេចក្តីព្រាងច្បាប់នេះក៏នឹងអនុញ្ញាតឱ្យព្រះរាជាណាចក្រកម្ពុជាអាចទទួលយកនូវស្តង់ដារជាតិនិង អន្តរជាតិ ដើម្បីអនុវត្តនៅតាមខ្សែចង្វាក់ផលិតកម្មម្ហូបអាហារទាំងមូល ចាប់ពីដំណាក់កាលផលិត ដំបូង ការកែច្នៃ ការដាក់លក់ រហូតដល់ការប្រើប្រាស់ចុងក្រោយ ដែលជាគោលការណ៍មួយយ៉ាង សំខាន់ក្នុងការជំរុញផលិតផលកម្ពុជាឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោក។
សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំឡើងដោយមាន១១ជំពូកនិង ៤៣មាត្រា ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។
៣-បញ្ហាផ្សេងៗ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន មានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងពាណិជ្ជកម្មត្រូវពិភាក្សាជាមួយក្រុមហ៊ុនស៊ីមា ដើម្បីគ្រប់គ្រងថ្លៃលក់រាយប្រេងឥន្ធនៈ និងរៀបចំស្ដុកប្រេងឥន្ធនៈជាយុទ្ធសាស្ត្រខណៈដែល សភាពការណ៍អន្តរជាតិមានការវិវត្តប្រែប្រួលស្មុគស្មាញនេះ
រាជរដ្ឋាភិបាលថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំបំពេញបេសកកម្ម យ៉ាងជោគជ័យ ដោយប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋនៅឆ្នាំ២០២១ បានចំនួន ១២៤.០២% លើសផែនការដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ព្រមទាំង សម្រេចបានកំណើននៃការប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ បើធៀបនឹង៣ខដើមឆ្នាំ២០២១
រាជរដ្ឋាភិបាលបានណែនាំដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំធ្វើការពន្លឿនការលើកកម្រិតប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការនិង អតីតយុទ្ធជនចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធននិវត្តន៍ទាបឱ្យបានកើនខ្ពស់ជាងមុន ដើម្បី បង្កើនល្បឿននៃការតគម្លាតប្រាក់សោធននិវត្តន៍រវាងអ្នកចូលនិវត្តន៍ចាស់និងអ្នកចូលនិវត្តន៍ថ្មី។ ជាមួយគ្នានេះ ប្រាក់សោធននិវត្តន៍ត្រូវបើកជូនអតីតមន្ត្រីរាជការនិងអតីតយុទ្ធជនចូលនិវត្តន៍ឱ្យ បានទៀងទាត់ ដើម្បីពួកគាត់អាចយកថវិកានេះផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់តាម តម្រូវការបានទាន់ពេលវេលា
– ក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណ៏ជាតិ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រសួងស្ថាប័ន កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ និងត្រូវបន្តជំរុញការផ្សព្វផ្សាយសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលដែនដី ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជូនពរដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ វិស័យឯកជន និងជនរួមជាតិខ្មែរគ្រប់រូបដែលកំពុងរស់នៅក្នុងនិងក្រៅប្រទេស សូមទទួលបាននូវសុខភាពល្អ ជោគជ័យ សិរីសួស្តី ជ័យមង្គល និងវិបុលសុខ ជារៀងដរាបតទៅ។
អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបិទសម័យប្រជុំនៅវេលាម៉ោង១០និង២៤នាទី ៕
ដោយ ៖ សុខ ខេមរា