ព័ត៌មានទាន់ហេតុការណ៍៖

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅល្ងាចថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តនយោបាយនិងនីតិសាស្រ្ត​ភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន​សម្រាប់មន្រ្តីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ 

ក្រសួងយុត្តិធម៌ សូមជម្រាបជូន  លោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រ កម្ពុជាជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិន, សាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភូមិភាគនិរតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ៤កន្លែង សម្រាប់មន្ត្រីជាន់ខ្ពស់ដែលមកពីស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ដែលនឹងសិក្សាជាទម្រង់កូនកាត់ (ការសិក្សាតាមប្រព័ន្ធនិម្មិត និងសិក្សានៅសាកលវិទ្យាល័យដោយ ផ្ទាល់) រយៈពេល ៣ឆ្នាំ។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូនចំពោះតែមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នទាំងបី ដែល មានតួនាទីចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ និងត្រូវមានសញ្ញាបត្រថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ព្រមទាំង មានបទពិសោធន៍ការងារយ៉ាងតិច ៥ឆ្នាំ។

ចំពោះបេក្ខជនដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីអាហារូបករណ៍នេះ សូមធ្វើការដាក់ពាក្យស្នើសុំនិង ភ្ជាប់មកជាមួយប្រវត្តិរូបសង្ខេបមកកាន់ លោក ង៉ូ សាឡុង តាមរយៈប្រព័ន្ធតេឡេក្រាម ០១២ ៣៩៨ ៨៣៣។ កាលបរិច្ឆេទទទួលពាក្យផុតកំណត់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្មវិធីអាហារូបករណ៍ សូមធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ជាមួយសាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈប្រព័ន្ធតេឡេក្រាម ០៦១ ៦៦៦ ៧៧៨ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖