ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការចុះពិនិត្យសពបុរសម្នាក់ សង្ស័យជាករណីលង់ទឹកនៅពេលទៅនេសាទ ។
ហេតុការណ៍បង្កការភ្ងាក់ផ្អើលខាងលើ បានកើតឡើងកាលពីល្ងាចថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ ស្ថិតនៅភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សេចក្តីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ផុន វុធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ ។
ប្រភពរាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះបានទៅរាយមងនៅចំណុចកើតហេតុ ដោយបាត់យូរទើបក្រុមគ្រួសារឆោឡោរក ក៏នាំគ្នាទៅរាវត្រង់ចំណុចនោះទើបឃើញសព ស្រង់យកមកលើគោកដើម្បីសមត្ថកិច្ចពិនិត្យ សពគ្មានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់នោះទេ សពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន