ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៃស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃសុក្រទី០១ ខែមេសា ឆ្នាំ២០២២ បានដាក់គោលដៅបន្តចុះឆែកឆេរអាវុធគ្រឿងផ្ទុះ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ទី០២ ខែមេសា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យលោកវរសេនីយ៍ទោ ឌិន លីក្រូ ស្នងការរងទទួលផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងអន្តរាគមន៍ពិសេស សហការណ៍ជាមួយកម្លាំងអន្តរាគមន៍នាយកដ្ឋាននគរបាលបង្ក្រាបលើផ្ទៃសមុទ្រ និងកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ល្បាតពេលយប់ ក្នុងភូមិសាស្រ្តស្មុកស្មាញ និងតាមឆ្នេរ ក្នុងខេត្តព្រះសីហនុ ដើម្បីការពារ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ៕
ដោយ៖សហការី