ព័ត៌មានទាន់ហេតុការណ៍៖

តោះ​! មកស្គាល់ភូមិតង់អូរកី ដែលជាតំបន់ធម្មជាតិ និងជំរំបោះតង់ថ្មីមួយនៅឃុំជីផាត ខេត្ត​កោះកុង​

ចែករំលែក៖

ខេត្ត​កោះកុង៖ ភូមិតង់អូរកី គឺជាទីទស្សនាទេសភាពធម្មជាតិ និងជំរុំបោះតង់មួយ ទើបនឹងបង្កើតថ្មីនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ដែលជាទីដ៏ពេញនិយមថ្មីមួយទៀតសម្រាប់ក្រុមអ្នកទេសចរ Camping។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០២​ ខែមេសា​ ឆ្នាំ​២០២២។ 

ក្រសួង​ទេសចរណ៍​ បានបន្ថែមថា​ ការធ្វើដំណើរចេញពីកំពង់ចម្លងស្ទឹងពីរផុត ឆ្លងកាត់ភូមិដ្ឋានប្រជាជន ចម្ការដំណាំ អមដោយទេសភាពជំរុំព្រៃភ្នំប្រមាណ១០នាទីក្រោយមក ភ្ញៀវទេសចរយើងនឹងបានទៅដល់ភូមិតង់អូរកីនៅខាងស្ដាំផ្លូវ ដែលជាស្នាដៃប្រកបដោយភាពច្នៃប្រឌិតរបស់យុវជនម្នាក់នៅឃុំជីផាតផ្ទាល់តែម្ដង។

នៅទីនោះដាច់ឆ្ងាយពីភូមិប្រជាជន សល់តែសំឡេងធម្មជាតិ ផ្ដល់នូវខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានផ្ទះលម្ហែតូចមួយសម្រាប់ឈរគយគន់ទេសភាពផងដែរ។ សម្លឹងពីលើផ្ទះឈើឥតដំបូលមួយនេះ ភ្ញៀវទេសចរប្រាកដជាពេញចិត្តចំពោះទិដ្ឋភាពដងអូរដ៏វែងអន្លាយ។

ទឹកហូររ៉ឹមៗជ្រែកកាត់ជ្រលងបុព្វតា នាំក្ដីរមណីយអណ្ដែតប៉ះភ្នែកទេសចរ រីឯធម្មជាតិព្រឹក្សាលោមពណ៌បៃតងស្រស់ខ្ចី បុប្ផាឆើតឆាយរីកស្រស់បំព្រង សាយមន្តអន្លងភូមរានែបនិត្យក្រេបក្លិនលម្អង។ 

ទោះបីភូមិតង់អូរកីតូចល្មមមិនសូវធំ តែប្រៀបដូចជាលំនៅលម្ហែកាយសាមញ្ញមួយ សម្រាប់ភ្ញៀវទេសចរដែលនិយមចូលចិត្តបោះតង់ ឬដំណើរត្រាច់ចរជាក្រុមជាដើម។ ចំពោះម្ហូបអាហារវិញ ភ្ញៀវទេសចរយើងអាចទិញពីប្រជាជននៅឃុំជីផាតបាន ខណៈនៅតំបន់នេះក៏មានសកម្មភាពលក់ដូរសម្បូរបែបផងដែរ។

ទទួលទានអាហារឈ្ងុយឆ្ងាញ់ក្រោមអំពូលរាត្រី ស្ដាប់សូរសំឡេងទឹកហូររអឹកឥតដាច់ ក្រោមបរិយាកាសត្រជាក់សព្វកាយ តើទៅរកក្ដីសុខឯណាបានដូចភូមិតង់អូរកីដ៏ស័ក្តិសមមួយនេះ។ 

បន្ថែមពីនេះ​ ក្រសួង​ ក៏បានបញ្ជាក់ដែរថា​ សេវាបោះតង់នៅទីនេះ​ គឺសមរម្យនោះទេ ដោយហេតុថាការបង្កើតភូមិតង់នេះឡើង មិនមែនផ្ដោតលើអាជីវកម្ម តែចេញពីបេះដូងចង់អភិវឌ្ឍមូលដ្ឋាន ផ្ដល់សេវាកម្សាន្តជូនទេសចរណ៍៕

ដោយ​៖សហការី​


ចែករំលែក៖