ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធជាង១០គ្រាប់បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖  មានករណីបាញ់ប្រហារគ្នាដ៏កក្រើកបណ្ដាលឱ្យបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបញ្ជូនភ្លាមៗទៅមន្ទីរពេទ្យ។  ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧ព្រឹកថ្ងៃទី ០៤ខែមេសាឆ្នាំ ២០២២ ត្រង់ចំណុចខុនដូមួយកន្លែងក្បែរអតីតហាងខារ៉ាអូខេអុិចធូ តាមបណ្ដោយផ្លូវលេខ៥៥ កែងផ្លូវលេខ ២២២ ក្នុងមូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ 

   តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានក្រុមជនសង្ស័យមួយក្រុមដែលជាជនជាតិចិនកំពុងដើរនិយាយជាមួយជនរងគ្រោះដែលចុះពីលើខុនដូជាមួយគ្នា ដោយមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ.ក។ ពេលនោះជនរងគ្រោះនិងជនសង្ស័យបានប្រតាយប្រតប់គ្នារហូតឈានដល់ភាគីម្ខាងដកកាំភ្លើងខ្លីបាញ់ជាង១០គ្រាប់បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់ដេកដួលក្នុងថ្លុកឈាម រួចហើយក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាកមែរសឺដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។ 

ភ្លាមៗនោះមានការការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុដោយជនរងគ្រោះកំពុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។  ក្រោយមកទីតាំងកន្លែងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញក៏ដូចជាកម្លាំងនគរបាលព្រហ្មទណ្ឌយកខ្សែពណ៌លឿងមកហ៊ុមព័ទ្ធទីតាំងដើម្បីពិនិត្យនិងធ្វើការជ្រាវស្វែងរកក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមនីតិវិធី៕

ដោយ ៖  រ៉ារ៉ា


ចែករំលែក៖