ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាងចំនួន​២​កន្លែង ស្ថិត​នៅ​ក្រុង​ប៉ោយ​បែ​ត​ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​រកឃើញ​កំហុស ៨ចំណុច

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ សមត្ថកិច្ចនគរបាល​នៃគណៈកម្ម​ការប្រឆាំង​ផលិតផល ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បិទ​និង​ដកហូត​វត្ថុតាងទំនិញជាច្រេីននៅទីតាំង​ស្តុក និង​ចែកចាយ​គ្រឿងសំអាងចំនួន ពីរ​កន្លែង របស់​ក្រុមហ៊ុន​ហ្វីលីមីរខេមបូឌា​ ខូអិលធីឌី(P PHILIMORE CAMBODIA CO LTD) នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​បែ​ត ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី​៣ ខែមេសាថ្មីៗនេះយកមក​រក្សាទុកបណ្ដោះអាសន្ន។ បន្ទាប់ពី​កម្លាំង​ជំនាញ​ ចុះពិនិត្យ​​រកឃើញ​កំហុសចំនួន ៨ចំណុច ពិសេស​អត់​ច្បាប់​អាជីវកម្ម ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជ​នាមរបស់​សហគ្រាស​ផ្សេងទៀត​។​ នេះបេី​តាមការបញ្ជាក់ពី​​លោក​ឧត្ដមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា ជា​មន្ត្រីនគរបាល​យុត្តិធម៌ ឋានៈ​ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​:​កម្ម​ការប្រឆាំង​ផលិតផល ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បានថ្លែង​ឱ្យ​ដឹង​នៅល្ងាចថ្ងៃចន្ទទី០៤​ ខែមេសា​ ២០២២ម្សិលមិញ។ 

​​លោក​ឧត្ដមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា​ បានបន្ថែមថា​៖​ ក្នុង​កិច្ច​ប្រតិបត្តិការខាងលើនេះ​ ដោយមាន​ការសម្របសម្រួល​នីតិវិធីពី​លោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ និង​សហការ​ជាមួយ​ក​ម្លាំ​នគរបាល​ការិយាល័យ​ប្រឆាំងបទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត រួមនិង​មន្ត្រី​អាជ្ញាធរ ភូមិ សង្កាត់​ផងដែរ​។ 

​លោក​ឧត្ដមសេនីយ៍ត្រី កាន វ​ឌ្ឍ​នា បានឱ្យដឹងទៀតថា​៖​ បន្ទាប់ពី​ទទួលបាន​បណ្ដឹងពី​សហគ្រាសមួយ ដែល​ចោទថា មាន​ករណី​ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជ​នាម លើ​ទីតាំង​ខាងលើ​របស់ ឈ្មោះ ឆ​ម ដា​ឡែ​ន ភេទ​ស្រី ជនជាតិខ្មែរ មាន​ទីលំនៅ បច្ចុប្បន្ន នៅ​ផ្សារណាត់​ដើម​ពុទ្រា សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រុម​សម​ត្ត​កិច្ច បាន​ចុះ​ស៊ើបអង្កេត ដល់ទី​តាំង តែម្ដង​។ ប៉ុន្តែ​ម្ចាស់​ទីតាំង មិន​ចូលរួម​សហការហើយ​បាន​ចាក់​បិទ​សោរ រួច​គេចខ្លួន​បាត់ទៅ។ ភ្លាមៗ​កម្លាំង​ជំនាញ​បាន​ព្យាយាម​ទាក់ទងទៅ​ម្ចាស់ទីតាំងជា​ច្រើន​លើក​ ប៉ុន្តែ​​មិនមាន​ការឆ្លើយតបនោះទេ​ ទេីប​ លោក ស៊ិន ពិសុទ្ធ ព្រះរាជអាជ្ញារងអម​សាលាដំបូងខេត្ត បានសម្រេចបញ្ជា​ឱ្យ​កាត់​សោរទំ​លុះ ដើម្បី​បើក​ត្រួតពិនិត្យ​ទំនិញជាក់ស្ដែង​តែម្តង​។ 

​ប្រភពដដែលបន្តថា​ ក្រោយ​ធ្វើ​ការត្រួតពិនិត្យជាក់ស្ដែង​ កម្លាំង​ជំនាញ​ ​រកឃើញទីតាំង​ស្តុក​ទុក និង​ចែកចាយ​គ្រឿងសំអាង ពីរ​កន្លែង​នេះបាន​ស្តុក​ទុក​ផ​លិ​ផលរួមមាន៖ ចំនួន ១១៧ មុខ ស្មើនឹង ១៤២កេស និង​សម្ភារ​: ផលិត​គ្រឿងសំអាង និង​ទំនិញ​មួយចំនួនទៀត​។​ មន្ត្រី​ជំនាញ បានគូសបញ្ជាក់ទៀត​​ថា៖​ ទីតាំង​ស្តុក​ទុក និង​ចែកចាយ​គ្រឿងសំអាង ពីរ​កន្លែងនេះ គឺមិនមាន​ស្លាក​សញ្ញា យីហោ ផលិតផល មិនបាន​ចុះបញ្ជី (​លេខ​ប្រវេទន៍​) ក្លែងបន្លំ​ពាណិជ្ជសញ្ញា ម៉ាក​ពាណិជ្ជកម្ម របស់​សហគ្រាស មួយ​ផ្សេងទៀត មិនមាន​ច្បាប់​អាជីវកម្ម គ្មាន​ច្បាប់​ស្តុក​ទុក គ្មាន​ប័ណ្ណ​ពន្ធ​ប៉ាតង់ ការ​រក្សាទុក​ផលិតផល ម្ហូប​អហារ ពុំមាន​ស្តង់ដា​ត្រឹមត្រូវ ។​

​ក្រោយប្រតិបត្តិការចប់​ កម្លាំង​ជំនាញ​សម្រេចរក្សា​ទុក​វត្ថុតាងទាំងអស់ដោយ​បិទ​ឃ្លុំបេគ្រឿងសំអាង ហើយ​សម្រេច​បិទ​ទីតាំង​ខាង​លើ​នេះ​ ដេីម្បីកោះហៅម្ចាស់​ចូលខ្លួន​មក​ដោះស្រាយតាមច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖