សារព័ត៌មាន KUNA បានផ្សាយថា រដ្ឋាភិបាលគុយវ៉ែត នៅថ្ងៃទី ៥ខែមេសាបានដាក់លិខិតលាលែងចេញពីតំណែងក្នុងពេលរៀបចំការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីនៅក្នុងសភាជាតិ។
ប្រភពព័ត៌មានបានឱ្យដឹងថា រជ្ជទាយាទ Meshal al-Ahmad al-Sabah ទទួលបានលិខិតស្នើសុំលាលែងចេញពីតំណែងរបស់រដ្ឋាភិបាលដឹកនាំដោយនាយករដ្ឋមន្ត្រី Sabah al-Khalid ។ តាមគម្រោងការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ។
រដ្ឋាភិបាលគុយវ៉ែតបានដំណើរការនៅខែធ្នូ ឆ្នាំ២០២១។ កន្លងមក រដ្ឋាភិបាលបានដាក់លិខិតលាលែងចេញពីតំណែងពីរលើកនៅក្នុងឆ្នាំ២០២១ ដោយសារតែរងការរិះគន់យ៉ាងខ្លាំងពីតំណាងរាស្ត្រ ពាក់ព័ន្ធនឹងការទប់ស្កាត់កូវីដ-១៩ និងប្រយុទ្ធប្រឆាំងអំពើពុករលួយមិនមានប្រសិទ្ធភាព។
រយៈពេល១ទសវត្សរ៍កន្លងមក គុយវ៉ែតបានកែទម្រង់រដ្ឋាភិបាលជាបន្តជាបន្តបន្ទាប់និងរំលាយរដ្ឋសភា ។ វិវាទនយោបាយបានរារាំងដល់កម្មវិធីកែទម្រង់ទាក់ទាញវិនិយោគពីក្រៅប្រទេសមកកាន់គុយវ៉ែត៕ ដោយ៖ ធីរីណា
រូបថត ៖ AFP/TTXVN