ភ្នំពេញ៖ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ កម្លាំងនគរបាលចំនួន ១៤ខណ្ឌចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចេញល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាត់ឱ្យកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។
ដោយឡែកនៅយប់ម៉ិញនេះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ក៏បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យផងដែរ។
គួរជម្រាបដែរថា បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះថា៖ ជនសង្ស័យចំនួន ១៨នាក់ ត្រូវបានសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា ឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី០៥ ខែមេសាម្សិលមិញនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង១៨នាក់នោះ៖ មាន១១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៧ករណី និងជនសង្ស័យ ០៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៤ករណី។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកអ្នកនាំពាក្យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតជាយថាហេតុនៅមូលដ្ឋានរបស់ខ្លួន៕
ដោយ៖សហការី