ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន!! ឆក់ទូរស័ព្ទដៃ11Proបានសម្រេចហើយត្រូវជនរងគ្រោះដេញតាមធាក់ផ្តួលម៉ូតូចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យទី៣

ចែករំលែក៖

     ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ11Pro ពីបុរសម្នាក់បានសម្រេច តែត្រូវជនរងគ្រោះជិះម៉ូតូដេញតាមធាក់ឲ្យដួល ហើយត្រូវពលរដ្ឋជួយចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុងលូប្រាំ កែងផ្លូវចោមចៅ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ 

    លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៉ៃ ប៉ោហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកអីវ៉ាន់អនឡាញ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកជនសង្ស័យដែលពលរដ្ឋឃាត់ខ្លួនបានមានឈ្មោះ សុខ ដេន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

    តាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ប៊ីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IF-4696 ដឹកអីវ៉ាន់តាមផ្លូវចោមចៅ រួចបត់ឆ្វេងមកផ្លូវបេតុងលូប្រាំ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យខាងលើជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JH-7620 មកតាមក្រោយហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ11Pro ដែលរូបគាត់(ជនរងគ្រោះ)ទុកនៅក្នុងឃ្លុបម៉ូតូពីមុខបានសម្រេច រួចជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួន តែត្រូវរូបគាត់ជិះម៉ូតូដេញតាមនិងស្រែកថាចោរៗ ព្រមទាំងធាក់ផ្ដួលម៉ូតូជនសង្ស័យឱ្យដួលក៏ត្រូវប្រជាពលរដ្ឋជួយឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣តែម្ដង ។

    បច្ចុប្បន្ននេះ ជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមច្បាប់ ។  ចំណែកទូរស័ព្ទដៃម៉ាក iPhone 11Pro ត្រូវបានជនរងគ្រោះស្នើសុំសមត្ថកិច្ចយកទៅប្រើប្រាស់ធម្មតាវិញ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖