ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងថា, ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ រដ្ឋបាលខេត្តព្រះសីហនុ បានអនុញ្ញាតជាគោលការណ៍ និងសម្របសម្រួលឱ្យស្ថាប័ន និងក្រុមហ៊ុន ចំនួន០៤ រៀបចំព្រឹត្តិការណ៍ដូចខាងក្រោម៖
-ក្រុមប្រឹក្សាយុវជនកម្ពុជា កាយរិទ្ធិ កាកបាទក្រហម និងសហភាពសហព័ន្ធយុវជនកម្ពុជា នៃវិទ្យាល័យក្រុងព្រះសីហនុ និងវិទ្យាល័យហ៊ុនសែនមិត្តភាព រៀបចំលេង ល្បែងប្រជាប្រិយខ្មែរ ចាប់ពីថ្ងៃទី១០-១២ ខែមេសា ឆ្នាំ២០២២ នៅដីចំណីឆ្នេរសាធារណៈ (ឆ្នេរពយជំទាវម៉ៅ) ក្បែរបន្ទប់ទឹកសាធារណៈលេខ១១ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំព្រឹត្តិការណ៍ការ ប្រកួតកីឡាទាញព្រ័ត្រឆ្នេរខ្សាច់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅឆ្នេរឯករាជ្យ និងការប្រគុំតន្ត្រីនៅដីឡូត៍ ឯកជនជាប់អតីតពហុកីឡដ្ឋានក្រុមមឿង ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០-១៦ ខែមេសា ឆ្នាំ២០២២។
-ក្រុមហ៊ុន ហនុមានប៊ែរវើរីជីសឯ.ក រៀបចំព្រឹត្តិការណ៍ការ ប្រគុំតន្ត្រី និងលក់ស្រាបៀរ ភេសជ្ជៈ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នៅទីតាំងដីឡូត៍របស់ឧកញ៉ា គុយ ណាត ទល់មុខឆ្នេរអូរឈើទាល២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
-ក្រុមហ៊ុនគ្លូប៊ល ភីអិនអិន ហូលឌីង សហការជាមួយក្រុមហ៊ុនវឌ្ឍនៈប្រូវើរី រៀបចំព្រឹត្តិការណ៍ការ ប្រគុំតន្ត្រី និងបាញ់ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នៅទីធ្លា ទីលានតេជោ ឆ្នេរសុខា ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ទន្ទឹមនេះ រដ្ឋបាលខេត្តព្រះសីហនុស្នើឱ្យ លោក លោកស្រីជាម្ចាស់សំណើ ត្រូវចាត់ចែងរៀបចំអនុវត្តឱ្យ បានម៉ឺងម៉ាត់បំផុតនូវវិធានការសុខាភិបាល គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ដែលនិងរក្សាគម្លាតសុវត្ថិភាព ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ វីរុសកូវីដ-១៩ ព្រមទាំងធ្វើការសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងរបៀបរៀបរយទាំងអំឡុងពេល និងក្រោយប្រារព្ធពិធី។
ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន និងបងប្អូនអាជីវករលក់ចំណីអាហារ មុខទំនិញគ្រប់ប្រភេទ សូមកុំលក់តម្លើងថ្លៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ នាពេលខាងមុខ ៕
ដោយ ៖ សិលា