ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីខ្មែរដែលនឹងមកដល់នាថ្ងៃខាងមុខនេះ ឧត្តមសេនីយ៍ទោ ចិន ហ័យជុង ស្នងការនយោបាយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម បានដឹកនាំប្រតិភូជូនពរ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៦ មេសានេះ នៅអគ្គបញ្ជាការដ្ឋាន។
នៅក្នុងបរិយាកាសប្រកបដោយមនោសញ្ជេតនា មិត្តភាព ឧត្តមសេនីយ៍ទោ ចិន ហ័យជុង បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។
ឧត្តមសេនីយ៍ទោ ចិន ហ័យជុង បានវាយតំលៃខ្ពស់ចំពោះការរីកចម្រើនប្រែមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ថា ចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងនៅស្ថិតស្ថេរជាអមតៈ។
ឧត្តមសេនីយ៍ទោ ចិន ហ័យជុង បានជូនពរនាយឧត្តមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន នៃយោធពលខេមរភូមិន្ទ រួមជាមួយក្រុមគ្រួសារ សូមមានសុខភាពល្អ សិរីសួស្តីឆ្នាំថ្មី និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះគណៈប្រតិភូស្នងការនយោបាយយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ដែលបានឆ្លៀតពេលដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានរំលឹកពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរនៅក្នុងការរួមគ្នា ជួយរំដោះទឹកដីគ្នាទៅវិញទៅមក ហើយបច្ចុប្បន្នវៀតណាមបានបន្តជួយដល់កម្ពុជា ពិសេសការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានលើកឡើងពីស្ថានភាពបច្ចុប្បន្ននៅកម្ពុជាដែលជំងឺកូវីដ-១៩មានសភាពធូរស្រាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្ររហ័សទាន់សភាពការណ៏ ប្រកបដោយភាពហ្មត់ចត់ រហូតទប់ស្កាត់បានការឆ្លងរាលដាលចូលក្នុងសហគមន៍ និងឈានទៅបើកប្រទេសឡើងវិញ។
នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការសង្ឃឹមថា ក្រោយបញ្ចប់វិបត្តិកូវីដ-១៩ កងទ័ពប្រទេសទាំងពីរនឹងបន្តផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមក ដើម្បីពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការកាន់តែស្អិតរមួតថែមទៀត ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា៕
ដោយ៖ សូរិយា