ខេត្តពោធិ៍សាត់ ៖ បេីតាមការបញ្ជាក់ពីលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ដែលបានដឹកនាំក្រុមបង្ក្រាប បទល្មើសជលផល បានឱ្យដឹងថា៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅថ្ងៃពុធទី៦ ខែមេសា ឆ្នាំ២០២២នេះ បានបន្តរុករកឃើញឧបករណ៍នេសាទ ប្រភេទអួនទឹកសាបក្រឡាញឹកជាច្រើន។
នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងទៀតថា ក្រុមសមត្ថកិច្ចចម្រុះមួយនេះ ប្រើកម្លាំងសរុប ២០នាក់; កាណូតចំនួន ៤ គ្រឿង បានចុះរុករកឧបករណ៍ល្មើសច្បាប់ អួនអូសទឹកសាបឆក់ ត្រជាក់ ;ក្ដៅ ;ឈិបយន្ត និងដកហូតបង្គោលឈើ ដែលជាប្រភព នៃបទល្មើសនេសាទ ។
ប្រធានក្រុមបង្ក្រាបបទល្មើសជលផលរូបនេះ បានបន្ថែមថា ចំពោះវត្ថុតាងដកហូតបាន ត្រូវយកមករក្សាទុកនៅស្នាក់ការ រដ្ឋបាលជលផលកំពង់លួង ដើម្បីត្រៀមបំផ្លាញចោល តាមនីតិវិធី ហើយបង្គោលឈើ នឹងរៀបចំបោះជ្រុំ នៅកន្លែងអភិរក្សជលផល។
គួរបញ្ជាក់ថា៖ នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះ ក្រុមការងារចម្រុះ នៅតែបន្តខិតខំចុះស្រាវជ្រាវ រុករកឧបករណ៍ ល្មើសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបង្ក្រាបឱ្យអស់ ដើម្បីរក្សាការពារពូជត្រីឱ្យនៅគង់វង ខណៈស្ថានភាពទឹកទន្លេសាប មានសភាពកាន់តែរាក់៕
ដោយ៖សហការី