ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​៖​ «សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃ»

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង​៖​ «សូមអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ចូលរួមទប់ស្កាត់និងបង្ក្រាបបទល្មើសនៃការចាប់ ដាក់អន្ទាក់ ប្រមាញ់ និងប្រមូលពងសត្វព្រៃគ្រប់ប្រភេទ និងបទល្មើសនៃការជួញដូរសត្វព្រៃ និងសំណាកសត្វព្រៃដើម្បីចូលរួមការពារនិងអភិរក្ស សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្សនិងរីកចម្រើន សម្រាប់បន្សល់ទុកដល់មនុស្សរាប់ជំនាន់ទៀត»។ នេះគឺជាការ ស្នើសុំដោយទទូចរបស់លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តនៅថ្ងៃទី៧ ខែមេសា ក្នុងក្របខណ្ឌនៃយុទ្ធនាការអន្ទាក់សូន្យរយៈពេល ៦ ខែក្នុងខេត្ត ៦ ភាគខាងកើតទន្លេមេគង្គរួមមានខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងកំពង់ធំ ផ្តួចផ្តើមនិងដឹកនាំធ្វើដោយក្រសួងបរិស្ថាន និងអង្គការ ដៃគូដែលសហការក្នុងការងារអភិរក្ស។ 

យុទ្ធនាការដែលមន្ត្រី ជាន់ខ្ពស់ក្រសួងបរិស្ថាន​ មានជំនឿថានឹងចូលរួមក្នុងការកែប្រែ ឥរិយាបថពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វ និងចូលរួមរកដំណោះស្រាយបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា និងមិនត្រឹមតែផ្តល់ជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វព្រៃរស់នៅនោះទេ តែក៏ដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះក្នុងរស់នៅ។ 

ប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ យុទ្ធ នាការអន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិបានចាប់ផ្តើម បើកយុទ្ធនាការរបស់ខ្លួននៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះខេត្តស្ទឹងត្រែងគឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ជាមួយការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការដៃគូសហការ។ អង្គការអន្តរជាតិដៃគូរួមមាន អង្គការមូលនិធិសាកលសម្រាប់ធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការអភិរក្សអន្តរជាតិ (CI) អង្គការជីវិតធម្មជាតិ BirdLife អង្គការ Fauna & Flora International (FFI), និងអង្គការ Wild Earth Allies និងគម្រោងព្រៃឡង់បៃតង USAID Green Prey Lang, អង្គការ RECOFTC បានរួមគ្នាប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការដ៏សំខាន់មួយនេះផងដែរ។ 

លោក នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះអង្គការដៃគូទាំងនេះដែលបានប្តេជ្ញាចិត្តគាំទ្រយុទ្ធនាការអន្ទាក់សូន្យ និងបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងបរិស្ថានក្នុងកិច្ចការការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយភាពស្មោះត្រង់ វិជ្ជាជីវៈ ការទទួលខុសត្រូវនិងក្នុងស្មារតីភាពជាដៃគូ និងគោរពគ្នាទៅវិញទៅមក។ នេះគឺជាការបង្ហាញពីភាពចាស់ទុំនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងអង្គការដៃគូដើម្បីបុព្វហេតុរួមគឺបរិស្ថាន ធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ 

លោករដ្ឋលេខាធិការ​រូបនេះ​ បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានជិត ១០ ឆ្នាំចុងក្រោយនេះ ជាមួយការបង្កើនការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយបានទូលំទូលាយ ព្រមទាំងការអភិរក្សធនធានធម្មជាតិមានភាពកាន់តែល្អប្រសើរ ការសិក្សាបានវាយតម្លៃថាប្រភេទសត្វព្រៃមួយចំនួនរក្សាបានស្ថេរភាពដូចជាប្រភេទស្វាកន្ទុយស ទោចថ្ពាល់លឿង ស្វាក្តាម និងជ្រូកព្រៃ ប្រភេទសត្វព្រៃខ្លះកើនឡើងដូចសត្វក្ងោក ស្វាត្រោសជាដើម ប៉ុន្តែប្រភេទសត្វព្រៃខ្លះជាពិសេសប្រភេទសត្វក្រចកជើងចំពាម បានធ្លាក់ចុះក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា សត្វទន្សោង សត្វខ្ទីង សត្វប្រើស សត្វឈ្លូស ក្តាន់ រម៊ាំងជាដើម។ 

ប្រភេទសត្វដើររកស៊ីនៅលើដីទាំងនេះមានហានិ ភ័យខ្ពស់ក្នុងការប្រឈមនឹងការជាប់អន្ទាក់គ្រប់ប្រភេទដែលត្រូវបានលួចដាក់នៅក្នុងតំបន់ការពារធម្មជាតិ និងការប្រមាញ់ដោយកាំភ្លើងកែច្នៃផ្សេងៗដោយខុសច្បាប់។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ជាមួយគ្នានេះ តាមរយៈទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិ ក្រុមអ្នកស្រាវជ្រាវក្រសួងបរិស្ថាននិងអង្គការដៃគូក៏បានរកឃើញប្រភេទសត្វកម្រផ្សេងទៀតដែល បន្តមានវត្តមាននៅកម្ពុជា តែពុំទាន់មានការសិក្សាពីចំនួនប្រជាសាស្ត្ររបស់វានៅឡើយដូចជាឈ្លូសយក្ស ខ្លារខិន ខ្លាពពក ខ្លាលឿងមាស ឆ្កែចចក ឆ្កែព្រៃ ជ្រូកពោនជាដើម។ ជាការកត់សម្គាល់ ប្រភេទសត្វមួយចំនួនដូចជាសត្វខ្ទីង ទន្សោង ដំរី ជាហ្វូងៗមានឃើញវត្តមានកូនៗតូចៗច្រើន ដែលនេះគឺជាក្តីសង្ឃឹមមួយ និងអាចសន្និដ្ឋានបានថាប្រភេទសត្វព្រៃនៅតំបន់ខ្លះដែលតំបន់ការពារធម្មជាតិត្រូវបានការពារល្អប្រសសើរ អាចមានកំណើនកើនឡើងដូចជានៅតំបន់អភិរក្សជួរភ្នំក្រវ៉ាញជាដើម។

គួររំឭកថា ស្ថានភាពដ៏អាក្រក់នៃការធ្លាក់ចុះជីវៈចម្រុះ មិនបានកើតឡើង តែក្នុងប្រទេសកម្ពុជានោះទេ គឺចំនួនសត្វព្រៃនៅលើសកលលោកទាំងសត្វរស់នៅលើដីនិងក្នុងទឹក ក៏បានធ្លាក់ចុះខ្លាំងបំផុតរហូតដល់ ៦៨% ជាមធ្យម ក្នុងរយៈពេល ៥០ ឆ្នាំចុង ក្រោយនេះ បើគិតចាប់តាំងពីឆ្នាំ១៩៧០ មក។ ការបរបាញ់ខុសច្បាប់ចាប់តាំងពីអតីតកាលមកដល់ពេលបច្ចុប្បន្ន រួមផ្សំនឹងបរិមាណអន្ទាក់បានដាក់ជាច្រើនក្នុងព្រៃធម្មជាតិ ជាកត្តាជំរុញ ដោយការជួញដូរសត្វព្រៃខុសច្បាប់ សុទ្ធសឹងជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វព្រៃនៅកម្ពុជាប្រឈម មុខនឹងការបាត់បង់ ជាពិសេសប្រភេទសត្វក្រចកជើងចំពាមដែលរកស៊ីលើដីជាផ្នែកមួយនៃការប្រឈមមុខខ្លាំង។ អន្ទាក់ជាឃាតកលាក់មុខ និងជាកត្តាគម្រាមកំហែងដ៏ចម្បងមួយចំពោះសត្វព្រៃ។ នេះជាពេលវេលាមួយដែលយើងទាំងអស់គ្នាត្រូវ រួមសហការគ្នាចាត់វិធានល់ការអភិរក្សបន្ទាន់និងប្រកបដោយ ភាពច្នៃប្រឌិត ដើម្បីចូលរួមទប់ស្កាត់កត្ដាគម្រាមកំហែងចម្បងៗទាំងនេះជាពិសេសពីកត្តាអន្ទាក់។ 

ក្រសួងបរិស្ថាន និងអង្គការ ដៃគូបានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីរៀបចំឡើងនូវវិធានការអភិរក្ស ខ្លាំងក្លាជាងមុន ដើម្បីកាត់បន្ថយការបរបាញ់ខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូនានាសិក្សាពីលទ្ធភាពក្នុងការអនុវត្តកម្មវិធីស្ដារសត្វក្រចកជើងចំពាមឡើងវិញនៅតំបន់ដែនជម្រកសត្វព្រៃមួយចំនួនដូចជាដែនជម្រកសត្វព្រៃស្រែពកនៅខេត្តមណ្ឌលគិរីជាមួយអង្គការ WWF ដែលជាតម្រូវការបន្ទាន់ក្នុងការបញ្ឈប់និន្នាការធ្លាក់ចុះនៃចំនួនសត្វព្រៃ ក៏ដូចជាចាត់ វិធានការឆ្លើយតបទៅដល់ឬសគល់នៃការជួញដូរសត្វព្រៃខុស ច្បាប់ផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បាននឹងកំពុងអនុវត្តកម្មវិធីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន ផ្តល់ជម្រើសថ្មី និងមុខរបរថ្មីជូនពលរដ្ឋដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ ក្នុងនោះរួមមានការផ្តល់ពូជសត្វដើម្បីពលរដ្ឋចិញ្ចឹម បង្កើតសន្តិសុខស្បៀង និងបង្កើនចំណូល ការជំរុញទេសចរណ៍ធម្មជាតិជាដើម។ 

 លោករដ្ឋលេខាអិការក្រសួងបរិស្ថាន​ បានថ្លែងថា បញ្ហា​​អន្ទាក់​នៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា មិនមែនកើតឡើងតែនៅ​ក្នុងប្រទេសកម្ពុជានោះទេ អន្ទាក់រាប់លានត្រូវបានគេប៉ាន់ប្រមាណថាមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសមួយចំនួនផ្សេងទៀតក្នុងតំបន់ ដូចជានៅក្នុងប្រទេសឡាវ វៀតណាម ម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ីជាដើម។ វាជាការចាំបាច់ត្រូវរៀបចំនូវវិធានការពហុវិស័យដែលនឹងជាចលករជំរុញការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតពលរដ្ឋមួយចំនួនដែលប្រកបរបរដាក់អន្ទាក់ ការប្រមាញ់ និងការចូលចិត្តហូបសាច់សត្វព្រៃ ដើម្បីបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។ 

លោក​ នេត្រ​ ភក្ត្រា​ បានលើកឡេីងថា អន្ទាក់​សម្លាប់សត្វព្រៃ​ដោយ​មិន​រើស​មុខឡើយរាប់ចាប់​ពី​ពពួកសត្វអណ្តើក រហូតដល់សត្វ​ដំរី ពពួកពានរ ក៏ដូចជា​សត្វ​ស្លាប គឺសុទ្ធសឹងទទួលរងគ្រោះថ្នាក់ដោយអន្ទាក់ទាំងអស់។ សត្វព្រៃដែលបានជាប់អន្ទាក់ហើយត្រូវចុះថមថយ កម្លាំងអស់រយៈពេលជាច្រើនថ្ងៃមុនឈានដល់ការស្លាប់ដោយសារមានរបួស ខ្វះទឹក ឬការអត់អាហារ។ អន្ទាក់គឺជាកត្តារួមចំណែកដ៏ធំមួយដល់ភាពផុតពូជនៃសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា និងជាកត្តារួមចំណែកដ៏ចំបងមួយនៃការធ្លាក់ចុះដ៏គួរឲ្យកត់សម្គាល់នៃចំនួនសត្វខ្លារខិន។ នៅកម្ពុជា សត្វខ្ទីង ទន្សោង ប្រើស និងសត្វក្រចកជើងចំពាមច្រើនប្រភេទទៀតកំពុងរងការគំរាមកំហែង និងប្រឈមនឹងការផុតពូជដោយសារតែវិបត្តិអន្ទាក់នេះ។ រីឯសត្វត្មាត និងសត្វត្រយងយក្ស សត្វក្រៀល ដែលសុទ្ធសឹងជាប្រភេទសត្វស្លាបរងគ្រោះថ្នាក់ជិតផុតពូជបំផុតក៏រងគ្រោះដោយវិបត្តិអន្ទាក់នេះ និងការបំពុលផងដែរ។ អន្ទាក់ច្រើនប្រភេទ​ទាំងនេះមានតម្លៃថោកត្រូវបានគេ​ធ្វើ​ឡើងពី​ខ្សែគោ ឬ​ខ្សែ​កាបក្នុងចំនួនដ៏ច្រើនឥតគណនាសម្រាប់ដាក់ចាប់ និងសម្លាប់សត្វព្រៃគ្រប់ប្រភេទដោយមិនរើសមុខឡើយ ក្នុងនោះរាប់បញ្ចូលទាំងប្រភេទសត្វសំខាន់ៗជាសកល ដែលរាជរដ្ឋាភិបាល និងដៃគូបាននិងកំពុងធ្វើការរួមគ្នាយ៉ាងសកម្មដើម្បីការពារឲ្យនៅស្ថិតស្ថេរគង់វង្ស។ អន្ទាក់មិនត្រឹមតែធ្វើឲ្យសត្វព្រៃបាត់បង់ពីទីជម្រកព្រៃធម្មជាតិប៉ុណ្ណោះទេ តែវាថែមទាំងបង្កើនហានិភ័យនៃការចម្លងប្រភេទជំងឺពីសត្វទៅមនុស្សផងដែរ។ អ្នក​ដែល​ដាក់​អន្ទាក់ អ្នកលក់​ និងអ្នកបរិភោគ​សាច់សត្វ​ព្រៃ​សុទ្ធសឹងជាអ្នកដែលប្រឈមទៅនឹង​ហានិភ័យនៃការចម្លងនេះ។

លោក នេត្រ ភក្ត្រា បានថ្លែងថា ធនធានសត្វព្រៃរបស់ប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់ដោយសារវិបត្តិនៃការបរបាញ់ និងការដាក់អន្ទាក់ដែលបាន និងកំពុងកើតឡើងបណ្តាលមកពីការប្រើប្រាស់ និងជួញដូរសត្វព្រៃដោយខុសច្បាប់។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេនោះ កម្ពុជានឹងប្រឈមនឹងការបាត់បង់ធនធាន សត្វព្រៃរបស់ខ្លួនដែលមានតម្លៃមិនអាចកាត់ថ្លៃបានជាសកលក្នុងពេលអនាគតខាងមុខ។ ដើម្បីដោះស្រាយវិបត្តិនេះ ស្ថាប័ននៃរាជរដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានមករួមគ្នានៅថ្ងៃនេះដើម្បីបើកយុទ្ធនាការអន្ទាក់-សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ គោលដៅ​ចម្បងនៃ​យុទ្ធនាការ​នេះ គឺការឈានទៅ​លុបបំបាត់​ការប្រើអន្ទាក់​គ្រប់​ប្រភេទ​ក្នុង​តំបន់​ការពារធម្មជាតិ​របស់​កម្ពុជា។ ក្នុងឆ្នាំ ២០២១ ក្រសួង បរិស្ថាន និងស្ថាប័នអង្គការដៃគូរបស់ខ្លួនបានដកអន្ទាក់សរុបចំនួន ៦១.៦១១ អន្ទាក់ ចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ ជាមធ្យម ក្នុងមួយឆ្នាំមានអន្ទាក់សរុបចំនួនប្រមាណជាង ៤០.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិទាំងនេះ។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបញ្ឈប់ការទទួលទានសាច់សត្វព្រៃ និងជាវផលិតផលពីសត្វព្រៃដទៃទៀតជាដាច់ខាត។ 

បន្ថែមពីនេះ​ លោក នេត្រ ភក្ត្រា បានអំពាវនាវថា៖ «យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជាឱ្យនិយាយថាទេចំពោះសាច់សត្វព្រៃ និងចូលរួមក្នុងសកម្មភាពអភិរក្សធនធានធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស»៕

ដោយ​៖សហការី​


ចែករំលែក៖