ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៧ មេសា ២០២២ មានក្មេងឃ្វាលគោម្នាក់បានប្រទះឃើញប្រេងម្រះព្រៅ៧ប៊ីដុងដែលជនល្មើសជីកកប់ក្នុងដី ដោយសារតែដឹកចេញមិនទាន់។
ក្មេងឃ្វាលគោ បាននិយាយថាខ្ញុំធុំក្លិន និងប្រទះឃើញ ហើយបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីរឹបអូសយកទៅរក្សាទុកជាវត្ថុតាង។
កិច្ចប្រតិបត្តិការរុករក ជីកគាស់កកាយ ខាងលើ កម្លាំងអធិការដ្ឋានស្រុកវាលវែង បានសហការជាមួយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ កម្លាំងកងរាជអាវុធហត្ថស្រុក រួមនឹងអាជ្ញាធរឃុំ ភូមិ ដឹកនាំដោយលោកអធិការនគរបាលស្រុកវាលវែងលោកវរសេនីយ៍ឯក ធាង ឡេង ចុះជីកគាស់ កកាយយកប៊ីដុងប្រេងម្រះព្រៅភ្នំនៅចំណុចអូរតាតាក ស្ថិតនៅក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង។
លោកវរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២នេះថាៈ វត្ថុតាងសមត្ថកិច្ចបានដកហូតចំនួន៧ប៊ីដុង ទម្ងន់ស្មើនឹង ៩៦គីឡូក្រាម ថ្លឹងទាំងសំបក ក្នុងនោះនៅមានគុណភាព៣ប៊ីដុង ខូចខាតបែកអស់ ៤ប៊ីដុង។
លោកបានបញ្ជាក់ថាៈ ប្រេងម្រះព្រៅ ខាងលើនេះ ត្រូវបានក្រុមជនល្មើសដឹកចេញមិនទាន់ បានជីកកប់លាក់ទុកក្នុងដី ជាយូរមកហើយ នៅពេលតំបន់នេះជាព្រៃស្តុក មិនមានផ្ទះអ្នកស្រុក។
លោកអធិការនគរបាលស្រុកវាលវែង បានឱ្យដឹងទៀតថាៈ ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ដឹកនាំកម្លាំងធ្វើការជីកកកាយយកប្រេងម្រះព្រៅ ខាងលើនេះ។
បច្ចុប្បន្ន វត្ថុតាងប្រេងម្រះព្រៅខាងលើ ត្រូវបានដកហូតនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ អរុណរះ