ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ចេញ​សេចក្ដី​ជូន​ដំណឹង​ ស្ដីពី​ ការកែច្នៃដំឡេីងម៉ូដែល​ (​ ស៊េរី​ )​ រថយន្ត​ ដោយ​គ្មាន​ការ​អនុញ្ញាត

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួង​សាធារណការ​ និង​ ដឹក​ជញ្ជូន​ ចេញ​សេចក្ដី​ជូន​ដំណឹង​ ស្ដីពី​ ការកែច្នៃដំឡេីងម៉ូដែល​ (​ ស៊េរី​ )​ រថយន្ត​ ដោយ​គ្មាន​ការ​អនុញ្ញាត​ ។  នេះបើយោងតាមអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននូវសេចក្តីជូនដំណឹង របស់ក្រសួង សាធារណការនិងដឹកជញ្ជូន នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ 

និយាយរួម រថយន្ត​កែឡេីងស៊េរី​មិនអនុញ្ញាត​ឱ្យ​ឆៀក​ និង​ មិនធ្វេី​ផ្លាកលេខជូនឡេីយ​ ។

ក្រសួងសារធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា, កន្លងមក ក្រសួងសាធារណការ និងដឹកជញ្ជូន បានសង្កេតឃើញថា៖ មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួង សាធារណការ និងដឹកជញ្ជូន ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យ ប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ ដំឡើងយានយន្ត។ ហេតុដូចនេះ ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ មេត្តាជ្រាបថា៖

១. រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជា ប្រព័ន្ធចង្កូត ប្រព័ន្ធទ្រ សាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

២. យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ ដល់ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ។ ទទួលបានសេចក្តីជូនដំណឹងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមនិងជឿជាក់ថា ម្ចាស់ រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទ ចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖