ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា, អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង – សូមជម្រាបជូនដំណឹងដល់ប្រជានេសាទទាំងអស់ នៅក្នុងខេត្តបាត់ដំបង ជ្រាបថា … ដើម្បីចូលរួមទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់ទន្លេសាប សំដៅគ្រប់គ្រងមច្ឆជាតិ និងធនធានជលផល ប្រកបដោយចីរភាព ស្របតាមខ្លឹមសារច្បាប់ស្តីពីជលផល និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ សូមប្រជានេសាទទាំងអស់ដែល មានឧបករណ៍នេសាទល្មើសច្បាប់ រួមមាន ៖ អួនអូសទឹកសាប, ម៉ាញ់ ឧបករណ៍ឆក់ និងឈិបយន្ត ព្រមទាំងឧបករណ៍ នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានរៀងៗខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២. ជាកំហិត ។ ទន្ទឹមនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និង ឧបករណ៍ឆក់គ្រប់ប្រភេទក្នុងដែននេសាទ ។ ករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ នឹងចាត់វិធានការចុះ ឆែកឆេរ រុករក ដល់លំនៅឋាន ដើម្បីធ្វើការរឹបអូសយកនូវឧបករណ៍នេសាទល្មើសច្បាប់ នឹងចាត់វិធានការតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជានេសាទទាំងអស់ ចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា