ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តសៀមរាប ទទួលជ័យលាភីសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារជួញដូរមនុស្សប្រចាំឆ្នាំ២០២១

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប (គ ខ ប ជ) បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពី ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ ជ ប ជ) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, នៅក្នុងពិធីនេះផងដែរ ក៏មានការផ្តល់ជូននូវជ័យលីភីដល់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរាជធានីខេត្ត ដែលបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងនោះខេត្តសៀមរាប ក៏ទទួលបានលិខិតសរសើរជាជ័យលាភីឆ្នើមពីសម្តេច ក្រឡាហោម ផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានណែនាំដល់ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ ត្រូវចាត់ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាការងាររួមរបស់ប្រទេសជាតិ មិនមែនជាការងារដាច់ដោយឡែក សម្រាប់ក្រសួងមួយ ឬស្ថាប័ន្ធមួយនោះទេ។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានប្រសាសន៍បានឱ្យដឹងថា ច្បាប់ ស្ដីពីការពពោះជំនួស ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៦។ សម្ដេចក្រឡាហោម បានបន្ដថា ច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា ដូច្នេះទាមទារឱ្យមានការសិក្សាពីបណ្ដាប្រទេសជិតខាង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែដោយសារច្បាប់នេះថ្មីសម្រាប់កម្ពុជា អញ្ចឹងទេ យើងត្រូវការសិក្សាឱ្យបានហ្មត់ចត់ ដូច្នេះត្រូវការពេលវេលា ហើយរហូតមកដល់ពេលនេះ យើងបានសិក្សាហ្មត់ចត់ជាងមុនហើយ ដូច្នេះអាចលើកយកបញ្ហានេះមកវិញ ព្រោះកន្លងមក ខ្ញុំស្នើឱ្យផ្អាកមួយរយៈ អញ្ចឹងឥលូវនេះអាចលើកយកបញ្ហានេះមកជជែកគ្នាឡើងវិញបាន ខ្ញុំសូមគាំទ្រ»។

ពាក់ព័ន្ធទៅនិងច្បាប់ពពោះជំនួស សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដសិក្សាពីបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ក៏ដូចជា អន្ដរជាតិ ដែលប្រទេសនោះធ្លាប់បានធ្វើរួចហើយ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប៉ុន្ដែក្រោយមកប្រទេសទាំងនោះ បានលុបច្បាប់នេះចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុ នៃការលុបចោលច្បាប់នេះផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖