ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអភិសេករូប សំណាក “ព្រះថោងនាងនាគ” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោក នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
សូមជម្រាបជូនថា រូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើងដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មុនពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរចូលមកដល់នាពេលខាងមុខនេះ។
សូមបញ្ជាក់ថា, ព្រឹកថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ៊ុន ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សានិងចុះពិនិត្យទីតាំងត្រៀមរៀបចំពិធីអភិសេករូប សំណាក “ព្រះថោងនាងនាគ” ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត។
សូមជម្រាបជូនប្អូនឯងថា, ក្រុង-ខេត្តព្រះសីហនុ មិនត្រឹមតែជាតំបន់សរសៃឈាមសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ សក្តានុពលនៃខេត្តមួយនេះ បានធ្វើឲ្យចំណូលរបស់ជាតិមានការរីកចំរើន វិស័យទេសចរណ៍ ឧស្សាហកម្ម ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ហៅថ្មីៗនេះខេត្តព្រះសីហនុ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ ដ៏ជឿនលឿន ក្នុងនោះថែមទៀងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិទៅកម្សាន្តយ៉ាងច្រើនកុះករ៕
ដោយ ៖ សិលា