ខេត្តព្រៃវែង ៖ ក្នុងពេលចុះជួបប្រាស្រ័យការងារជាមួយសមាជិកសមាជិកាគណបក្សប្រជាជននៅមូលដ្ឋាន នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រធានក្រុមការងារចុះជួយស្រុកពារាំង បានលើកឡើងថា កម្ពុជាឆ្លងកាត់ភ្លើងសង្គ្រាមអស់ជាច្រើនទសវត្សរ៍ ហើយមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនប៉ុណ្ណោះ ដែលបានតស៊ូរំដោះប្រជាជនឱ្យរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ដោយយកជីវិតធ្វើជាដើមទុន។
«បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញ មានការរីកចម្រើនលើគ្រប់វិស័យ ព្រោះយើងមានមេដឹកនាំល្អ គឺសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនយោបាយ ឈ្នះ=ឈ្នះ លោកមានបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហានដើម្បីសង្គមមានសន្តិភាព និងអភិវឌ្ឍន៍»។ នេះគឺជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ សមាសភាពភូមិ ប៉ុស្តិ៍រដ្ឋបាល គិលានុបដ្ឋាក គិលានុបដ្ឋាយិកា លោកគ្រូអ្នកគ្រូ និងយុវជនយុវនារី ក្នុងឃុំរកា ស្រុកពារាំង នាព្រឹកថ្ងៃសៅរ៍នេះ។
នាយឧត្តមសេនីយ៍បានបន្តថា ក្នុងពេលបច្ចុប្បន្នដែលកម្ពុជាបានជួបនឹងវិបត្តិជំងឺរាតល្បាតសាកលកូវីដ-១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព អាយុជីវិត និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធវីធី និងយុទ្ធសាស្ត្រទាន់ហេតុការណ៍ ពិសេសការស្វែងរកវ៉ាក់សាំងជូនដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល និងការពារអាយុជីវិតប្រជាពលរដ្ឋ។
ដូច្នេះត្រូវ«អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ=ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ=ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!»។
នាយឧត្តមសេនីយ៍បញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១រាជដ្ឋាភិបាលបានសម្រេចបើកប្រទេសឡើងវិញជាមួយនឹងការរំពឹងទុកកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ពី៤ទៅ៥ភាគរយ ក្នុងករណីដែលកម្ពុជាមិនមានការរាតត្បាតជំងឺកូវីដ-១៩ជាថ្មី។
នាយឧត្តមសេនីយ៍ប្រធានក្រុមការងារ បានផ្តាំផ្ញើដល់មន្ត្រីក្រុមការងារគ្រប់ថ្នាក់ ឱ្យបន្តធ្វើអំពើល្អចំពោះប្រជាពលរដ្ឋ និងជំរុញប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ជាមួយនឹងការអនុវត្តខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ»៕
ដោយ ៖ សុខ ខេមរា