កន្លងមកបណ្តាប្រទេសក្នុងតំបន់អឺរ៉ុបបានបណ្តេញមន្ត្រីការទូតរុស្ស៊ីរាប់រយនាក់ចេញពីប្រទេសរបស់ខ្លួន ក្នុងនោះក៏មានប្រទេសប៉ូឡូញផងដែរ។ ក្នុងពេលនេះរុស្ស៊ីក៏បានសម្រេចវាយបកវិញដោយបណ្តេញមន្ត្រីការទូតប៉ូឡូញឱ្យចេញពីប្រទេសរុស្ស៊ីមុនថ្ងៃទី ១៣ខែមេសា។
ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រកាសថា ខ្លួនបានសម្រេចបណ្តេញមន្រ្តីទូតប៉ូឡូញចំនួន៤៥នាក់ចេញពីប្រទេស ជាការឆ្លើយតបទៅនឹងការបណ្តេញមន្រ្តីទូតរុស្ស៊ីចំនួនដូចគ្នាចេញពីប្រទេសប៉ូឡូញកាលពីខែមុន។
ក្រសួងការបរទេសរុស្ស៉ីបានបញ្ជាក់ថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតប៉ូឡូញ ហើយប្រកាសថា បុគ្គលិកចំនួន៤៥នាក់នៃស្ថានទូតប៉ូឡូញនៅទីក្រុងមូស្គូ និងស្ថានកុងស៊ុលប៉ូឡូញនៅទីក្រុង Irkutsk, Kaliningrad និងSt. Petersburg គឺជា«បុគ្គលដែលមិនត្រូវបានស្វាគមន៍» ដែលត្រូវតែចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣ ខែមេសាខាងមុខនេះ។
កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ ក្រសួងការបរទេសប៉ូឡូញបានបញ្ជាឱ្យមន្រ្តីទូតរុស្ស៊ីចំនួន៤៥នាក់ចាកចេញពីប្រទេសក្នុងរយៈពេល ៥ថ្ងៃដែលជាផ្នែកមួយនៃសកម្មភាពសម្របសម្រួលដោយបណ្តាប្រទេសលោកខាងលិច ដើម្បីបណ្តេញមន្រ្តីទូតរុស្ស៊ីរាប់រយនាក់ចេញពីប្រទេស ចាប់តាំងពីរុស្ស៉ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
នៅថ្ងៃទី៨ ខែមេសា ក្រសួងការបរទេសរុស្ស៊ី ក៏បានប្រកាសបណ្តេញមន្រ្តីទូតប៊ុលហ្ការីចំនួន ២រូប ជាការឆ្លើយតបទៅនឹងចំណាត់ការរបស់ប្រទេសនេះ កាលពីខែមុនផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ Tass)