ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកសៅរ៍ទី០៩ ខែមេសា ឆ្នាំ២០២២នេះថា៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
ជនសង្ស័យឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ អាជីវករ ស្នាក់នៅផ្ទះលេខអេ១៩ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
របាយការណ៍ដដែល បានបន្តថា កាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣៥នាទី កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងptt ផ្លូវបេតុង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោក លិ សុខា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចទំនប់កប់ស្រូវ ភូមិត្រពាំងពោធិ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕
ដោយ៖សហការី