ភ្នំពេញ៖ រថយន្តចំនួន ពីរគ្រឿងបានរងការខូចខាតយ៉ាងដំណំ ខណៈឆ្លងចរន្តពីក្បាលអាគុយរថយន្ត បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលប្រជាពលរដ្ឋរស់នៅជិតខាងនាំគ្នារត់ចែកជេីងទាំងកំពុងដេកលង់លក់ និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ មិនបង្កឱ្យឆេះរាលដាលដល់លំនៅដ្ឋាននោះទេ។
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងនៅវេលាម៉ោង ០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០២២ នៅផ្លូវលំផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់ កាកាបទី១ ខណ្ឌពោធឹ៍សែនជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៍មានពីការិយាល័យនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឈឹម ចាន់ឌឿន ប្រុស អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរ ។ និងម្ចាស់ទីតាំងឈ្មោះ អ៊ែម សំអុល ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ គ្រូពេទ្យ ។ មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ ។
របាយការណ៍ដដែល បន្តថា រថយន្តឆេះចំនួន០២គ្រឿង ដែលត្រូវអគ្គិភ័យឆាបឆេះនេះរួមមាន៖ ទី១- ម៉ាកហ្វតXT ២០២១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២BL ៦៥៧០ ខូចខាតខាងមុខ ។ និងទី២- ម៉ាកហាយឡែនឌឹរ័ ២០០១ ពណ័ស ពាក់ស្លាកលេខភ្នំពេញ ២AG ៦១៥៧ ខូចខាតខាងក្រោយ ។ ខូចខាតសម្ភារ៖ ឆេះរថយន្តចំនួន ០២ គ្រឿងប្រហែល៤០% នឹងពុំបណ្ដាលអោយឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
មន្ត្រីជំនាញ ក៏បានបញ្ជាក់ដែរថា ក្នុងហេតុការណ៍ខាងលេីនេះ មិនមានមនុស្សស្លាប់ និងរបួសនោះទេ។
ដោយឡែកកងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តការិយាអគ្គិភ័យ៖ ចំនួន ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ; ចំពោះករណីនេះដែរ កម្លាំងជំនាញបានបាញ់ពន្លត់ទៅវិញ នៅវេលាម៉ោង០៤និង២០នាទី ថ្ងៃខែឆ្នាំដដែល៕
ដោយ៖សហការី