ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តយ៉ាងលឿនរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កចតស្ងៀមពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ២រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកឡង់គ្រីស័រ ពណ៌សពាក់ស្លាកលេខរដ្ឋ 07 2-6999 បើកបរតាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីត្បូងមកជើងយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 1P-4308 ចតចោលនៅលើចិញ្ចើមផ្លូវ២០០៤ ពេញទំហឹងក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នា ដោយភាគីរថយន្តបង្ក ព្រមសងជាសំណង ក្នុងការជួសជុលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ៖ ជ្រោយពេជ្រ