ខេត្តស្វាយរៀង ៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានចាត់ទុកប្រជាការពារភូមិជាកម្លាំងគាំទ្រស្នូលនិងសំខាន់បំផុតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីផ្តល់ក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ការថ្លែងបែបនេះរបស់អភិបាលរងក្រុងស្វាយរៀងបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាការពារភូមិ នាព្រឹកថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២២ដែលមានការចូលរួមពីកែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងលោក កែន រិទ្ធី អធិការដ្ឋាននគរបាលក្រុងលោកស្រីចៅសង្កាត់រងស្វាយរៀងនិងសមត្ថកិច្ចដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានថ្លែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។
បន្ទាប់មកលោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀងក៏បានថ្លែងជំរុញដល់ប្រជាការពារភូមិទាំងអស់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្តទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាពនិងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងញៀនគ្រប់ប្រភេទនិងបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនជាពិសេសក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខនេះ។
ក្នុងឱកាសនោះលោក សរ សុដានី និងលោក ម៉េងសាន អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ក៏បានឧបមត្ថថវិកាចំនួន៥០០ដុល្លារនិងលោក កែវ សុថាស្នងការរងនគរបាលខេត្តស្វាយរៀងចំនួន៧០០ដុល្លារសរុបថវិកា១.២០០ដុល្លារផងដែរ៕
ដោយ៖យឹម សុថាន