ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ៤៣ឆ្នាំនេះមនុស្សចាស់មានគុណសម្បត្តិយ៉ាងច្រើន សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ មនុស្សចាស់ ក្នុងរយៈពេល៤៣ឆ្នាំកន្លងនេះពិតជាមានគុណសម្បត្តិយ៉ាងច្រើន ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ នេះជាគុណសម្បត្តិមួយដែលមិនអាចកាត់ថ្លៃបាន។

  នេះប្រសាសន៍លើកឡើងរបស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងប្រធានអនុគណៈកម្មាធិការដើម្បីមនុស្សចាស់រាជធានីភ្នំពេញ ខណៈ លោកអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីសំណេះសំណាលនិងផ្តល់អំណោយជូនមនុស្សចាស់ជាង៥០០នាក់នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការស្រឡាញ់មនុស្សចាស់ជរាគឺជាប្រពៃណីរបស់ប្រជាពលរដ្ឋកម្ពុជាយើងតាំងពីយូរលង់ណាស់មកហើយ។

សម្ដេចតេជោហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់មនុស្សចាស់ជរា ដោយសម្តេចទាំងទ្វេរតែងតែជួយឧបត្ថម្ភជូនមនុស្សចាស់ជាដរាបរៀងមក ។ ជាក់ស្ដែងនៅក្នុងពេលនេះ សម្ដេចទាំងទ្វេរ បានឧបត្ថម្ភនូវស្បៀងអាហារ និងថវិកាមួយចំនួនដល់មនុស្សចាស់នៅក្នុងរាជធានីភ្នំពេញចំនួន៥២៥នាក់ ដោយក្នុងម្នាក់បានទទួលអង្ករ មី ត្រីខ ប្រេងឆានិងថវិកាចំនួន៥ម៉ឺនរៀល។

 លោកឃួង ស្រេង បានបន្តទៀតថា តាមអនុសាសន៍របស់សម្ដេចតេជោហ៊ុន សែន «ក្មេងជាអ្នកមានកំលាំង ចំណែក មនុស្សចាស់ជាអ្នកស្គាល់ផ្លូវ» ការរួមគ្នាប្រាប់ផ្លូវដើម្បីឲ្យ ក្មេងៗជំនាន់ក្រោយដើរ លើផ្លូវដែលរៀបចំដោយមនុស្សចាស់ នោះប្រទេសជាតិនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើន ខ្លាំងក្លាថែមទៀត។

លោក ឃួង ស្រេង បានសូមឱ្យបងប្អូនទាំងអស់រួមគ្នារក្សាសន្តិភាពឱ្យបានគង់វង់ ដើម្បីអោយកម្ពុជាបន្តមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត។

លោកបញ្ជាក់ថា សង្គ្រាមវានឹងបង្កភាពហិនហោចឲ្យប្រទេសជាតិ ដូច្នេះយើងត្រូវតែរួមគ្នារក្សាសន្តិភាពដែលបានមកដោយកម្រនេះឲ្យបានគង់វង្សរហូតតទៅ។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើ ងថា សមាជិកសមាគមមនុស្សចាស់ ក្នុងខណ្ឌទាំង១៤ មានសមាជិកចូលរួម ២១.២១៣នាក់ (ស្រី ១៣.១៧១ នាក់) ។ 

     ទទួលបានការគាំទ្រថវិកា និងសម្ភារគ្រឿងឧបភោគបរិភោគពីលោក ឃួង ស្រេង ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត   ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ០២ លើក សរុបសមាជិកសមាគមមនុស្សចាស់ ចំនួន ១.៣៦៥នាក់ ចំណាយថវិកាសរុបចំនួន ១៣២,៧២០,០០០រៀល និងសម្ភារមួយចំនួន។ បានទទួលអំណោយឧបត្ថម្ភរបស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមតាមបណ្តាលខណ្ឌ ទាំង១៤ សរុបចំនួន២៤លើក មានសមាជិកសមាគម ១.២០០នាក់ (ស្រី៤២០នាក់)។ បានឧបត្ថម្ភ ថវិកាដល់គ្រួសារសមាជិកសមាគមដែលបានទទួលមរណភាពចំនួន២៩២សព សរុបចំនួន៧៣,០០០,០០០រៀល ។បានចុះសួរសុខទុក្ខសមាជិកសមាគមដែលមានជំងឺជួបការលំបាក ចំនួន២៦២លើក ឧបត្ថម្ភថវិកា សរុបចំនួន ២៥,៣៦០,០០០រៀល។ បាននាំយកអំណោយជាថវិកានិងសម្ភារដ៏ថ្លៃថ្លា របស់លោក ឃួង ស្រេង ជូនសមាជិកដល់សមាគមមនុស្ស ចាស់ ក្រីក្រជួបការលំបាក ចំនួន១២១នាក់ ក្នុងកំឡុងពេលបិទខ្ទប់។

  មនុស្សវ័យចាស់ក្នុងគ្រួសារសរុបចំនួន២០.១៩២នាក់ ទទួលបានបានជំនួយឧបត្ថម្ភជាសាច់ប្រាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងកំឡុងប្រយុទ្ធប្រឆាំងកូវីដ-១៩ (តាមរយៈប័ណ្ណសមធម៌ក្រីក្រ ក្រ១ និងក្រ២)។ 

  លោកស្រីបន្តថា អភិបាលរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់គិតគូរ សុខទុក្ខនិងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សវ័យចាស់ទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយ  ធ្វើយ៉ាងណាឱ្យមនុស្សវ័យចាស់ទទួលបាននូវភាពសុខដុមរមនា នឹងមិនបោះបង់ចោលឡើយ៕

ដោយ ៖ សំរិត


ចែករំលែក៖