ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីចំណាស់ម្នាក់ដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបើកបុកបណ្តាលឱ្យរងរបួសធ្ងន់២នាក់

ចែករំលែក៖

    ខេត្តស្វាយរៀង ៖ ក្មេងស្រីនិងស្ត្រីចំណាស់២នាក់បានរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ពេលដើរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នបណ្ដាលឱ្យម៉ូតូជាន់ហ្វ្រ័ងមិនទាន់ក៏បុកពីក្រោយយ៉ាងពេញទំហឹងតែម្តង។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២២នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ។

   មន្ត្រីនគរបាលស្រុករំដួលបានឱ្យដឹងថាស្ត្រីដែលឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នមានឈ្មោះ ព្រាប ពៅ អាយុ៦២ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។  ចំណែកក្មេងស្រីដែលរងរបួសមានឈ្មោះ ជិន ចាន់ធឿន អាយុ១៩ឆ្នាំ រស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បើកម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១M-៦៧៤០។

    តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងស្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១M-៦៧៤០ដោយធ្វើដំណើរក្នុងទិសដៅពីជើងត្បូង 

ខណៈនោះស្រាប់តែមានស្ត្រីចំណាស់ម្នាក់បានដើរឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូបុកពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍មកសមត្ថកិច្ចមកធ្វើអន្តរាគមន៍។

    ក្រោយកើតហេតុសមត្ថកិច្ចបានហៅរថយន្តសាមុយមកដឹកភាគីរងគ្រោះទាំងសងខាងបញ្ជូនទៅមន្ទីរពេទ្យនិងធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖