ខេត្តមណ្ឌលគិរី ៖ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលបានស្វះស្វែងរកលោកយាយអាយុ ១១៨ឆ្នាំបានជួបនិងបានចាក់វ៉ាក់សាំងជូនគាត់រួចរាល់ហើយ ។ លោកយាយបានបង្ហាញនូវអារម្មណ៍មនោសញ្ចេតនារីករាយបន្ទាប់ពីបានចាក់វ៉ាក់សាំងប្រឆាំងជំងឺ covid-19 រួច។
គួរបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានថាមានលោកយាយម្នាក់អាយុ១១៨ឆ្នាំ តាមរយៈបទសម្ភាសន៍ចេញពីខេត្តឧត្តរមានជ័យ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចាត់ ចែងមន្ត្រីសុខាភិបាលស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ តែមានព័ត៌មានពីកន្លែងធ្វើសម្ភាសន៍ឱ្យដឹងថាលោកយាយធ្វេីដំណេីរទៅរស់នៅខេត្ត ក្រចេះ ហេីយមន្ត្រីសុខាភិបាលក៏តាមស្វែងរកលោកយាយបន្តទៀត ។
ទីបញ្ចប់ ក្រុមគ្រូពេទ្យខេត្តក្រចេះ បានរកគាត់ឃេីញនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។ នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគិរី ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហេីយដែរ។
លោកស្រីរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ និងសូមគោរពជូនពរលោកយាយ សូមលោកយាយមានសុខភាពល្អ ទទួលបានពរជ័យសិរីសួស្តី សេចក្តីសុខចម្រេីន ពីទេវត្តាឆ្នាំថ្មី និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។
លោកស្រីឱ វណ្ណឌីន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមសំដែងនូវការកោតសរសេីរដល់ក្រុមគ្រូពេទ្យទាំងនៅខេត្តឧត្តរមានជ័យ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដែលបានខិតខំស្វែងរកលោកយាយបានឃេីញ ហេីយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនគាត់បានរួចរាល់។ សូមក្រុមគ្រូពេទ្យទាំងអស់ទទួលបាននូវពុទ្ធិពរទាំង៥ប្រការគឺអាយុ វណ្ណ: សុខ: ពល: និងបដិភាន: កុំបីឃ្លៀងឃ្លាតឡេីយ៕
ដោយ៖ សូរិយា