ព័ត៌មានទាន់ហេតុការណ៍៖

ពិធីលើកទង់ បួងសួងសុំសេចក្តីសុខក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តជាវប្បធម៌ ប្រពៃណី សាសនានិងជំនឿ ដែលបានបង្កប់នៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជា !

ចែករំលែក៖

ខេត្ត​សៀមរាប​៖​​ ស្ថិតក្នុងកាលវេលាដ៏ខ្លីឆ្ពោះទៅរកការបើកទំព័រថ្មីនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ពិធីលើកទង់បួងសួងសុំសេចក្តីសុខ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ​ បានប្រារព្ធឡើងនៅសាលាឆទានប្រាសាទចៅសាយទេវតាក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី យូ សុភា អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម អស់លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុកនិង មន្ត្រីរាជការ ប្រជាពលរដ្ឋផងដែរ ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​សៀមរាប​។ 

តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម។ ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាមបែបព្រលឹងដែល ប្រជាជនខ្មែរយើង មានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។ 

ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ  ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា។ ប្រជាជនខ្មែរ ពិតជាមានមោទនភាពក្រៃលែងតាមរយៈនៃព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដែលបានបង្ហាញនូវពិធីសាសនាជាច្រើនដែលទាក់ទងទៅនឹងព្រហ្មញ្ញសាសនា នឹងពិធីផ្សេងៗទៀត ដូចជាពិធីពូនភ្នំខ្សាច់ជាដើម ដែលត្រូវបានប្រារព្ធឡើងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ហើយទាំងនេះ គឺជាការសបញ្ជាក់ដល់ កូនចៅខ្មែរជំនាន់ក្រោយឲ្យ នៅតែគោរពថែ រក្សា វប្បធម៌ ប្រពៃណី ជំនឿសាសនាយ៉ាងខ្ជាប់ខ្ជួនបំផុត៕

ដោយ​៖សហការី​


ចែករំលែក៖