ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនា ថ្វាយព្រះមហាក្សត្រ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតលំឱនកាយថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីវិវឌ្ឍនា ថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចទ្រង់ប្រកបដោយព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាមហាម្លប់អម្រឹតដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្រ្ត ជ្រកកោន ក្នុងសេចក្តីសុខដុមរមនា ជាភិយ្យោភាពតរៀងទៅ។ស្ថិតក្នុងឱកាសដ៏មង្គលសិរីសួស្តី នៃព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ខ្ញុំម្ចាស់ ទូលព្រះបង្គំយើងខ្ញុំ សូមលើកហត្ថប្រណមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក ដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ទេវតារក្សាឆ្នាំថ្មី ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ព្រះនាម កិរិណីទេវី សូមអភិបាលប្រោះព្រំគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ៖ សិលា


ចែករំលែក៖