ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ ថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវជាង ៨៦ម៉ឺននាក់ដើរលេងកម្សាន្តទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិក្រសួងទេសចរណ៍ក៏បានប៉ាន់ប្រមាណឃើញថាមានភ្ញៀវទេសចរជាង 80 ម៉ឺននាក់បានដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំ។ អ្វីទៅជាការកត់សម្គាល់របស់ក្រសួងទេសចរណ៍ឃើញថាភ្ញៀវទេសចរជាតិយើងបាននិងបន្តអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាលក្នុងការពាក់ម៉ាស់។ សូម្បីតែបណ្ដាខេត្តដែលបានដកបម្រាមហើយនោះក៏នៅមានប្រជាពលរដ្ឋពាក់ពាក់ម៉ាស់ដែរ។

រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ លោកថោង ខុន បញ្ជាក់ថា ថ្ងៃទីមួយ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ មានភ្ញៀវទេសចរម្រាណ ៨៦២៨៩៧នាក់ បានចេញដើរទស្សនាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិជាង ៨៥៤.៦៥៤នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៨ ២៤៣នាក់។

តាមរដ្ឋមន្រ្ដីទេសចរណ៍ មានរាជធានីខេត្ដ០៩ ជាគោលដៅទេសចរណ៍សំខាន់ៗ។ រាជធានីខេត្ដទាំង០៩នោះរួមមាន ខេត្ដកំពង់ឆ្នាំងមានភ្ញៀវទេសចរណ៍ច្រើនជាងគេ គឺ ជាង១៦ម៉ឺននាក់ តាមពីក្រោយដោយខេត្តបាត់ដំបង ជាង ១០ម៉ឺននាក់ សៀមរាប ជាង ១០ម៉ឺននាក់ ពោធិ៍សាត់ជាង ៨ម៉ឺននាក់ កំពង់ចាម ជាង ៥ម៉ឺននាក់ ព្រៃវែង ជាង ៥ម៉ឺននាក់ កំពង់ស្ពឺជាង ៤ម៉ឺននាក់ រាជធានីភ្នំពេញជិត ៤ម៉ឺននាក់ និងខេត្តបន្ទាយមានជ័យជាង ៣ម៉ឺននាក់។  

ឆ្នាំ២០២២នេះប្រជាជនបាននាំគ្នាធ្វើដំណើរកម្សាន្ដច្រើន ក្រោយពេលរាជរដ្ឋាភិបាលអាចគ្រង់គ្រងស្ថាន ភាពនៃការរាលដាលនៃជំងឺកូវីដ១៩បាន។ ដោយឡែកពាក់ព័ន្ធនិងការរក្សាសណ្ដាប់ធ្នាប់ កម្លាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានី-ខេត្តក្រោមការដឹកនាំរបស់អភិបាលរាជធានីខេត្ត បានចាត់តាំងកកម្លាំងប្រចាំការ និងសម្រួលចរាចរទាំងនៅតាមដងផ្លូវជាតិ ទីកន្លែងប្រារព្វកម្មវិធីសង្រ្កាន្ត និងគោលដៅសំខាន់ៗ ចាប់ពីដើមសប្តាហ៍រហូតដល់ចុងសប្តាហ៍នេះផងដែរ។ 

ចំពោះខេត្តដែលបានដកចេញកាតព្វកិច្ចនៃការពាក់ម៉ាស់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរភាគច្រើនបានជ្រើសយកជម្រើសការមិនពាក់ម៉ាស ប៉ុន្តែខេត្តដែលមិនទាន់ដកចេញកាតព្វកិច្ចពាក់ម៉ាស់ ហើយមានរៀបចំកម្មវិធីសង្រ្កាន្ត ការជួបជុំបាញ់ទឹក ប៉ាតម្សៅ និងការប្រគុំតន្រី្ត លោក ថោង ខុន សង្កេតឃើញថា មានបងប្អូនតិចតួចណាស់ដែលបានពាក់ម៉ាស់។ ដោយឡែក ចំពោះភ្ញៀវដែលដើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោល ដៅទេសចរណ៍ លោកសង្កេតឃើញថា ការគ្រប់គ្រងចរន្តភ្ញៀវមានភាពល្អប្រសើរច្រើន ពិសេសលើការអនុវត្ត SOP ទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕

ដោយ៖ សូរិយា


ចែករំលែក៖