ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២២ នៅចំណុចភូមិដើមដូង ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យ បណ្ដាលឱ្យឆេះផ្ទះឈើ មួយខ្នង ទំហំ៥x៦ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្តារ។
ផ្ទះឈើតម្កល់ជើងតាងនេះជារបស់ម្ចាស់ផ្ទះឈ្មោះ ឈួន ឈឿ ភេទប្រុស អាយុ ៧៧ ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។ ការឆាបឆេះនេះ គឺបានបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទាំងស្រុង រួមជាមួយនិងប្រាក់ដុល្លារ ៦០០ ដុល្លារ ប្រាក់ខ្មែរ ចំនួន ១ លានរៀល និងសម្ភារៈនៅលើផ្ទះមួយចំនួនទៀត។
មូលហេតុគឺបណ្តាលមកពីឆេះធូប ទៀនលើរានទេវតា ហើយ ម្ចាស់ផ្ទះរវល់ទៅលេងផ្ទះកូន។ បញ្ហាដោយសារការធ្វេសប្រហែសនេះ ត្រូវបានកម្លាំងអធិការដ្ឋាន ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់ការរាលដាលទៅលើផ្ទះអ្នកដទៃបានទាន់ពេលវេលា៕
ដោយ៖ សូរិយា