ខេត្តស្វាយរៀង ៖ មានភ្លៀងធ្លាក់លាយឡំនឹងផ្គរន្ទះ ហើយបន្តិចក្រោយមកក៏ស្រាប់តែឮសូររន្ទះបាញ់ឆាំងបែកផ្កាភ្លើងព្រាកធ្វើឱ្យសត្វក្របីងាប់២ក្បាលនៅកណ្ដាលស្រែ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ស្ថិតនៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ក្របីឈ្មោះ អ៊ូ អុក ភេទប្រុស អាយុ ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមេឃងងឹតនិងមានមានភ្លៀងធ្លាក់ស្រិចៗលាយឡំនឹងផ្គរន្ទះឆ្វេចឆ្វាច។បន្ទាប់មករន្ទះបានបាញ់មួយគ្រាប់បណ្ដាលឱ្យត្រូវចំសត្វក្របី ហើយពេលភ្លាមៗនោះម្នាក់ៗមិនហ៊ានចេញពីផ្ទះទេរង់ចាំដល់មេឃរាំងក៏រត់ទៅមើលស្រាប់តែឃើញសត្វក្របីងាប់២ក្បាលនៅកណ្ដាលស្រែ។
អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពេលមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់និងរន្ទះត្រូវប្រញាប់ប្រញាល់រកទីទួលមានសុវត្ថិភាពនិងបិទទូរស័ព្ទហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើអន្តរាគមន៍ជួយសង្គ្រោះទាន់ពេលវេលា៕
ដោយ៖ យឹម សុថាន