ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ចងចាំថ្ងៃ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុលពត

ចែករំលែក៖

ភ្នំពេញ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា បានរម្លឹកពីនៅថ្ងៃទី១៧ ខែមេសាឆ្នាំ២០២០នេះ គឺជាខួបលើកទី៤៥ឆ្នាំ នៃការឡើងកាន់អំណាច នៃរបបកម្ពុជាប្រជាធិបតេយ្យក្លែងក្លាយ ដែលបន្ទាប់មកបានក្លាយទៅជារបបប្រល័យពូជសាសន៍ប៉ុលពតឬហៅថារបបខ្មែរក្រហម

ចំថ្ងៃនេះ កាលពី៤៧ឆ្នាំមុន គឺថ្ងៃដែលរបបអាវខ្មៅ បានបង្ខំប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញទាំងមូលអោយចាកចេញទៅតាមបណ្តាខេត្ត ហើយបន្ទាប់មកពួកគេបានជម្លៀសប្រជាពលរដ្ឋពីតាមបណ្តាខេត្តទៅកាន់ជនបទ នឹងបានបង្ខំអោយធ្វើការដូចគោក្របីទាំងយប់ទាំងថ្ងៃគ្មានថ្ងៃសម្រាក និងបានជួបជុំក្រុមគ្រួសារឡើយ

សិទ្ធិសេរីភាពពលរដ្ឋ រួមទាំងសិទ្ធិរស់រាន នៅក្នុងរបបយង់ឃ្នងនោះគឺគ្មានទេ។ សូម្បីតែស្លៀកពាក់ខោអាវក៏ពួកគេតម្រូវអោយស្លៀកពាក់តែខោអាវពណ៍ខ្មៅមួយពណ៍មួយកំប៉្លេគត់។ ក្រៅពីបង្ខំអោយធ្វើការគ្មានថ្ងៃសម្រាក របបព្រៃផ្សៃនេះបានធ្វើទារុណកម្ម និងវាយកំទេចសម្លាប់ប្រជាពលរដ្ឋតាមអំពើចិត្តដោយចោទថាជាខ្មាំង។ នៅក្នុងសម័យនោះ គ្រប់យ៉ាងត្រូវបានបោះបង់ចោលរួមទាំង គេហដ្ឋាន សាលារៀន វត្តអារាមមន្ទីរពេទ្យ និងធនាគារជាដើម

ក្រោមការគ្រប់គ្រង នឹងដឹកនាំរបស់របបប៉ុលពតអស់រយៈពេល ៣ឆ្នាំ ខែ២០ ថ្ងៃ គឺបានធ្វើអោយប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតអស់ជាង៣លាននាក់ ហើយនៅពេលនោះក៏គ្មានវត្តមានអង្គការសិទ្ធមនុស្សណាមកជួយប្រទេសកម្ពុជាដែរនៅក្នុងសម័យនោះ។

យើងចងចាំរបបដឺព្រៃផ្សៃនេះ ហើយចូលរួមទប់ស្កាត់កុំអោយកើតឡើងសារជាថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

អរគុណសន្តិភាព

ដោយ៖ សិលា


ចែករំលែក៖