ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានជំងឺប្រចាំកាយបានចងក សម្លាប់ខ្លួនក្នុងបន្ទប់ទឹកផ្អើលទាំងថ្ងៃរសៀល

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលពីសំណាក់ក្រុមគ្រួសារនិងអ្នកភូមិខណៈដែលពួកគាត់ប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួនក្នុងបន្ទប់ទឹក ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យមកពិនិត្យសព។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នៅក្នុងភូមិប្រសប់លាក់ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

   តាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ ម៉ែន សារាប អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។

    ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសនគរបាលក្រុងបាវិតបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបង្អែកជីភូចុះទៅពិនិត្យសព រួចសន្និដ្ឋានថា ឈ្មោះ ម៉ែន សារាបពិតជាធ្វើអត្តឃាតចងកសម្លាប់ខ្លួនប្រាកដមែន ដោយបានយកខ្សែចងក្របីមកចងកភ្ជាប់នឹងធ្នឹមបន្ទប់ទឹកដែលមានកម្ពស់២ម៉ែត្រ៣០សង់ទីម៉ែត្របណ្តាលឱ្យស្លាប់។

   តាមអ្នកភូមិបានឱ្យដឹងថា បុរសខាងលើគឺមានជំងឺប្រចាំកាយដោយព្យាបាលនិងផឹកថ្នាំសង្កូវដែរប៉ុន្តែមិនបានធូរស្រាលសោះ ស្រាប់តែនៅរសៀលថ្ងៃទី១៨ខែមេសាឆ្នាំ២០២២មានការភ្ញាក់ផ្អើលថា អ្នកជំងឺរូបនេះបានចងកក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។

    សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖យឹម សុថាន


ចែករំលែក៖