ខេត្តសៀមរាប៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ត្រូវសត្វក្រពើខាំជាច្រើនកន្លែងបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ ខណៈបុរសម្នាក់នេះធ្លាក់ចូលអាងក្រពើ។
ហេតុការណ៍នេះកើតឡើងនៅវេលាចន្លោះម៉ោង១យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃចន្ទទី១៨ ខែ មេសា ឆ្នាំ២០២២ ចំណុចទ្រុងក្រពើស្ថិតនៅ ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅ ភូមិ/ឃុំកើតហេតុខាងលើ មុខរបរជាមន្ត្រីរដ្ឋបាលសាលាស្រុកពួក។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា ជារៀងរាល់ថ្ងៃជនរងគ្រោះ ស៊ូ សុធា គឺជាអ្នកមើលថែលើការចិញ្ចឹមសត្វក្រពើហើយតែងតែដេកអង្រឹងលើរោងទ្រុងក្រពើតែម្នាក់ឯង ។
លុះនៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំផឹកស៊ីជុំគ្នាអស់ស្រាបៀរប្រមាណ ១កេស (២៤កំប៉ុង) ហើយក៏បែកគ្នារៀងៗខ្លួន។
រីឯជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើ លុះនៅម៉ោងចន្លោះ០១៖០០នាទីយប់ គេលឺសំលេងស្រែកផ្អើលដល់អ្នកផ្ទះជិតខាងនិងអ្នកក្នុងផ្ទះ។ ខណៈនោះនាំគ្នាក្រោកទៅមើលចំណុចកើតហេតុរោងដេកលើទ្រុងក្រពើនោះបានឃើញជនរងគ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ហើយត្រូវបានសត្វក្រពើខាំបោកទាញ ហើយពួកគេនាំគ្នាយកឈើជួយសង្គ្រោះយកជនរងគ្រោះបាន និងដឹកទៅមន្ទីរពេទ្យភ្លាមៗ។
មន្ត្រីនគរបាលដែលចុះពិនិត្យកន្លែងកើតហេតុ ឃើញថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នា ។ ដោយ ឡែកទ្រុងក្រពើដែលជនរងគ្រោះដែលធ្លាក់ចូល គឺទ្រុងទំហំ១០ម៉ែត្រ×១២ម៉ែត្រដែលមានអាងទឹកទំហំ ៧ម៉ែត្រ ×៨ម៉ែត្រ ក្នុងនោះមានសត្វក្រពើប្រភេទ មេពូជ និងក្រពើឈ្មោល ចំនួនជាង ២០ក្បាល (ធំៗ)។
តាមការសន្និដ្ឋានជនរងគ្រោះអាចក្រោកទៅនោមហើយ ក៏រអិលជើងធ្លាក់ចូលក្នុងអាងសត្វក្រពើ ។ ទោះជាយ៉ាងណាក៏ដោយពលរដ្ឋសំណូមពរឱ្យមានការប្រុងប្រយ័ត្នទាំងអស់គ្នាព្រោះសត្វក្រពើមិនស្គាល់ម្ចាស់ទេ ៕
ដោយ៖ សូរិយា