ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល ធ្វើការតវ៉ាបិទផ្លូវក្រោយពីក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ​៖​ កម្មករ​-កម្មការិនី ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹលជាង៤០០នាក់បាននាំគ្នាធ្វេីការបិទផ្លូវសាធារណៈដើម្បីតវ៉ាក្រោយពីតំណាងក្រុមហ៊ុនលួចដឹកអីវ៉ាន់ចេញមិនគោរពកិច្ចសន្យា។

   ការបិទផ្លូវតវ៉ាខាងលេីនេះបានធ្វេីឡេីងនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខរោងចក្រ​ ក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល​ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ​ ក្នុងសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

    សូមបញ្ជាក់ថា​ ទីតាំងរោងចក្រខាងលេីនេះកន្លងមកក៏ធ្លាប់មានកម្មករកម្មការិនីធ្វេីបាតុកម្មបិទផ្លូវម្តងជាពីរដងមកហេីយដោយសារក្រុមហ៊ុនមិនបេីកប្រាក់បៀវត្សទៀងទាត់ហេីយលួចដឹកអីវ៉ាន់ចេញពីក្រុមហ៊ុន​ ។ ក្រោយពីមានការបិទផ្លូវមិនឱ្យធ្វើចរាចរណ៍បង្កការកកស្ទះ​មក ក៏មានអាជ្ញាធរមូលដ្ឋានចុះមកធ្វេីការសម្របសម្រួលនិងឱ្យក្រុមហ៊ុនធ្វេីកិច្ចសន្យាបញ្ឈប់ការដឹកអីវ៉ាន់ចេញរយៈពេល៦ខែពោលគឺដោះស្រាយប្រាក់បៀវត្សជូនកម្មករ​ កម្មការិនីរួចរាល់ទេីបអាចដឹកចេញបាន។ 

   តំណាងកម្មករ​ បានបញ្ជាក់ថា​ មូលហេតុនៃការបិទផ្លូវម្តងទៀតនេះគឺដោយសារតែក្រុមហ៊ុនមិនគោរពតាមកិច្ចសន្យាលួចដឹកអីវ៉ាន់ចេញ ខណៈដែលបងប្អូនកម្មករ​ កម្មការិនីឈប់សម្រាកនៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ទេីបត្រឡប់មកវិញក៏នាំគ្នាបិទផ្លូវសាជាថ្មីដេីម្បីឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើអន្តរាគមន៍។ 

   លោក  ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា  ចំពោះការបិទផ្លូវកាលពីព្រឹកមិញ នៅមុខក្រុមហ៊ុន ឃែនធើរេន អឹបភែរឹល បានបើកឱ្យដំណើរការដូចធម្មតាវិញហើយ។

លោកបន្តថា នៅវេលាម៉ោង១៤និង ៣០នាទី ថ្ងៃទី២០ មេសា ២០២២  ភាគីកម្មករ និងតំណាងក្រុមហ៊ុននឹងអញ្ជើញមកធ្វើការសម្របសម្រួលគ្នានៅសាលាខណ្ឌពោធិ៍សែនជ័យ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖