ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំស្តីពីអំពើហិង្សានៅទីក្រុងហ្សេរុយសាឡឹម

ចែករំលែក៖

ចិន បារាំង អារ៉ាប់រួម ន័រវែស អៀរឡង់ បានស្នើដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កោះប្រជុំជាបន្ទាន់ ក្រោយពីមានអំពើហិង្សានៅក្នុងតំបន់ដែលមានព្រះវិហារដ៏ពិសិដ្ឋ Al-Aqsa (ជនជាតិអុីស្រាអែលហៅថាភ្នំប្រាសាទ) នៅហ្សេរុយសាឡឹម។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំនៅថ្ងៃទី១៩ខែមេសានេះដើម្បីពីភាក្សាពីស្ថានភាពហិង្សាដែលបណ្តាលឱ្យមនុស្ស១៧០នាក់រងរបួសនៅហ្សេរុយសាឡឹម កាលពីចុងសប្តាហ៍កន្លងមក។
នៅក្នុងព្រឹត្តិការណ៍មួយពាក់ព័ន្ធនេះដែរ សារព័ត៌មាន AFP នៅថ្ងៃទី១៩ខែមេសាបានផ្សាយថា អ៉ីស្រាអែល បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែមកនេះទៅលើតំបន់ហ្កាហ្សា នៃដែនដីប៉ាឡេស្ទីន ដោយអះអាងថាធ្វើឡើងជាការសងសឹកទៅនឹងការបាញ់គ្រាប់រ៉ុក្កែតដោយក្រុមហាម៉ាស់ (Hamas) ចូលទឹកដីរបស់ខ្លួន។
ស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺសំឡេង នៅឯភាគខាងត្បូងនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃយប់ថ្ងៃចន្ទសប្ដាហ៍នេះ បន្ទាប់ពីគ្រាប់រ៉ុក្កែតត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន ហើយដែលនេះជាការប៉ះទង្គិចគ្នាលើកដំបូងបំផុតចាប់តាំងពីដើមខែមករាមក។
ជុំវិញការវាយប្រហារនេះដែរ, យោធាអ៉ីស្រាអែលបានបញ្ជាក់ថា គ្រាប់រ៉ុក្កែតមួយគ្រាប់ដែលត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ចូលមកក្នុងទឹកដីអ៉ីស្រាអែល ត្រូវបានស្ទាក់ចាប់បំផ្លាញដោយប្រព័ន្ធខែលការពារមីស៊ីល អាយរ៉ុន ដូម (Iron Dome) ហើយប៉ុន្មានម៉ោងក្រោយ គឺនៅព្រឹកថ្ងៃអង្គារនេះ យោធាអ៉ីស្រាអែលបានវាយប្រហារលើរោងចក្រផលិតអាវុធមួយកន្លែងរបស់ក្រុមហាម៉ាស់ ជាការសងសឹក។ ប៉ុន្តែខាងហាម៉ាស់ក៏បានអះអាងដែរថាពួកគេបានប្រើប្រព័ន្ធការពារប្រឆាំងយន្ដហោះចម្បាំង ដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាស ដោយមិនមានមនុស្សស្លាប់នៅក្នុង ការវាយប្រហារបស់អ៉ីស្រាអែលទេ។
ការវាយប្រហារដាក់គ្នាទៅវិញទៅមករវាងអ៉ីស្រាអែលនឹងហាម៉ាស់ កើតមានឡើងបន្ទាប់ពីមានអំពើហិង្សាកើតឡើងជាថ្មីនៅវិហារ អាល់ អាក់សា ក្នុងទីក្រុងហ្សេរុយសាឡិម កាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយបណ្ដាលឱ្យមនុស្សច្រើនជាង១៧០នាក់រងរបួស ក្នុងនោះភាគច្រើនជាពលរដ្ឋប៉ាឡេស្ទីន៕ ដោយ៖ ធីរីណា

រូបថត​ ៖​ THX/TTXVN


ចែករំលែក៖