ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តជំរុញឲ្យអភិបាលក្រុងថ្មីបន្តរក្សាឲ្យបាននូវតំណែងជាទីក្រុងស្អាត ដែលទទួលជ័យលាភីមេដាយមាសជាបន្តទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាជ្ញាធរខេត្ត បានផ្តល់តំណែងដល់លោក លី សុវណ្ណ ជាអភិបាលក្រុងថ្មី អភិបាលរងពីរនាក់ និងនាយករដ្ឋបាលក្រុងកំពង់ចាមផងដែរ ។  បន្ទាប់ពីលោក ចាន់ ផល្លី ជាអភិបាលក្រុងចាស់ ត្រូវប្តូរទៅបំរើការងារនៅរដ្ឋបាលសាលាខេត្តកំពង់ចាមវិញម្តង ។

  លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តបានថ្លែងថា ថ្នាក់ដឹកនាំត្រូវចេះធ្វើការ ត្រូវមានចំណេះដឹងក្នុងការដឹកនាំមាន៣ចំណុចគឺៈ ១.ដឹកនាំមន្ត្រីឲ្យចេះធ្វើការ ២.ដឹកនាំមន្ត្រីឲ្យចេះសម្របសម្រួលការងារ និងទី៣.ដឹកនាំមន្ត្រីឲ្យចេះដោះស្រាយបញ្ហា ។ ថ្នាក់ដឹកនាំកុំដើរស្រែកថា រវល់រកពេលជួបក្រុមគ្រួសារមិនបាន ដោយខ្លួនឯងមិនប្រគល់ការងារឲ្យគេធ្វើ មូលហេតុ មិនទុកចិត្តមន្ត្រីក្រោមឱវាទ ។ ត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អ បន្តការរក្សាឲ្យបាននូវសន្តិសុខដែលមានស្រាប់ ត្រូវចូលរួមជាមួយភាគីដែលពាក់ព័ន្ធ បំបាត់ល្បែងស៉ីសង បញ្ហាគ្រឿងញៀន ក្មេងទំនើង ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ តាមរយៈក្រសួងសុខាភិបាល ដោយអនុវត្តន៍នូវវិធាន៣កុំ និង៣ការពារ ជំរុញឲ្យពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា ។

  ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តក៏បានថ្លែងទៀតថា ខេត្តនឹងរៀបចំច្រាំងទន្លេចាប់ពីមុខវត្តដីដុះ រហូតដល់ស្តូបមិត្តភាព ឲ្យបានស្អាត និងមានការជួសជុល ប្រក់ដំបូលផ្សារធំ ឲ្យរួចមុនរដូវភ្លៀងមកដល់នាពេលខាងមុខ ។

  លោក លី សុវណ្ណ ជាអភិបាលក្រុងថ្មី បានប្តេជ្ញាចិត្តថា .ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ.គោរព និងអនុវត្តន៍បានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ បទបញ្ជា និងលិខិតបទដ្ឋាននានា និងប្រតិបត្តិដោយក្តីគោរពចំពោះរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ។ខិតខំពង្រឹងឯកភាព ធ្វើជាម្ចាស់ក្នុងការគ្រប់គ្រងចាត់ចែងមុខងារ  និងធនធាន សម្របសម្រួលដោះស្រាយនូវភាពអសកម្មនៃការផ្តល់សេវានានាជូនប្រជាពលរដ្ឋសំដៅធ្វើឲ្យពួកគាត់មានភាពកក់ក្តៅ និងជឿជាក់ ។

.លើកកម្ពស់គណនេយ្យភាពរបស់ក្រុមប្រឹក្សាក្រុងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

.ប្តេជ្ញាយកចិត្តទុកដាក់លើកិច្ចការ ជាអាទិភាព ដូចជាការងារការពារសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈការរៀបចំសណ្តាប់ធ្នាប់តាមទីប្រជុំជនធំៗ ការធ្វើអនាម័យ បោសសំអាតគ្រប់ដងផ្លូវក្នុងក្រុង និងការប្រមូលសម្រាម ។

.ខិតខំស្វែងរកដៃគូរអភិវឌ្ឍន៍មានដូចជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៉ីវិល សប្បុរសជនជាតិ និងអន្តរជាតិជាដើម មកសិក្សាគម្រោងនានា ក្នុងក្រុងដើម្បីអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងទាំងមូល ។

.លើកកម្ពស់ស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ រវាងក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រី បុគ្គលិក និងទំនាក់ទំនងល្អជាមួយស្ថាបន រាជរដ្ឋាភិបាល មន្ទីរអង្គភាព ជំនាញនានា ផ្នែកឯកជន អង្គការសមាគមន៍ ដែលមានមូលដ្ឋានក្នុងដែន សមត្ថកិច្ចដើម្បីរក្សាសុខដុមណីយកម្មក្នុងមូលដ្ឋាន ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖