ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ដកកាំភ្លេីងខ្លីបាញ់អ្នករត់ឡំប្រឺតាម្នាក់ព្រោះតែលុយ២ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ៖ ខ្មាន់កាំភ្លើងជាជនជាតិបរទេសម្នាក់បានដកកាំភ្លើងខ្លីបាញ់ប្រហារ១គ្រាប់ទៅលើអ្នករត់ឡំប្រឺតាម្នាក់តែសំណាងល្អមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកឃាត់ខ្លួនបានមនុស្សប្រុសស្រីចំនួន៤នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ នៅចំណុចមុខការាសរថយន្តមួយកន្លែង តាមបណ្ដោយផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនកើតហេតុរូបគាត់បានដឹកភ្ញៀវបរទេសប្រុសស្រីចំនួន៣នាក់ចេញពីកន្លែងកើតហេតុខាងលើ ដោយភ្ញៀវបានប្រាប់ថាឱ្យដឹកទៅផ្សារអូឫស្សី រួចក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានដឹកទៅម្ដុំក្រាំងធ្នង់បន្តទៀតដោយគាត់បានប្រាប់ភ្ញៀវថាតម្លៃ៦មុឺនរៀល ព្រោះដឹកទៅដឹកមក ហើយចាំយូរ។ លុះដឹកភ្ញៀវមកដល់ចំណុចកើតហេតុវិញ ភ្ញៀវឱ្យតែ៤ម៉ឺនរៀល តែគាត់សុំថែម២មុឺនរៀលទៀត ដោយប្រាប់ភ្ញៀវថាដឹកទៅច្រើនកន្លែងនិងចាំយូរ តែភ្ញៀវមិនព្រមឱ្យតែ៤ម៉ឺនរៀលប៉ុណ្ណោះ ពេលនោះស្រាប់តែលេចមុខខ្មាន់កាំភ្លើងជាបុរសជនជាតិបរទេសម្នាក់បានស្រែកប្រាប់ភ្ញៀវដែលជាបក្ខពួករបស់ខ្លួនឲ្យឡើងជិះរថយន្តហាយឡេនឌ័រមួយគ្រឿងមិនចាំស្លាកលេខ ដោយប្រាប់បក្សពួកខ្លួនថាមិនចាំបាច់ឱ្យលុយថែមទៀតទេ ឲ្យតែ៤មុឺនរៀលហ្នឹងបានហើយ  តែរូបគាត់ជាអ្នករត់ឡំប្រឺតាមិនសុខចិត្តក៏មានការទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចជាមួយខ្មាន់កាំភ្លើងនោះ ស្រាប់តែខាងខ្មាន់កាំភ្លើងបម្រុងបើករថយន្តដេញបុកនិងបង្កហិង្សា ធ្វើឱ្យរូបគាត់បើកឡំប្រឺតាចេញពីកន្លែងកើតហេតុ រួចក៏បានហៅគ្នីគ្នាមកកន្លែងកើតហេតុវិញ ស្រាប់តែខ្មាន់កាំភ្លើងរូបនោះបានដកកាំភ្លើងខ្លីបាញ់ប្រហារមកលើរូបគាត់មួយគ្រាប់ តែសំណាងល្អមិនត្រូវ រួចខ្មាន់កាំភ្លើងក៏ផ្លោះរបងចូលទៅក្នុងការាសរថយន្តនោះបាត់ទៅដោយបន្សល់ទុកស្រោមកាំភ្លើងខ្លីនៅនឹងកន្លែងកើតហេតុ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក ចុះមកធ្វើអន្តរាគមន៍និងធ្វើការឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់យកទៅសួរនាំ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិបរទេសចំនួន៣នាក់បន្ថែមទៀតជាបន្តបន្ទាប់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសួរនាំ និងចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖