ខេត្តស្វាយរៀង ៖ អបអរសាទរ វិទ្យាល័យស្វាយរៀងទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។
លោកយស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះថាលទ្ធផលដែលវិទ្យាល័យទទួលបានពាន រង្វាន់ជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១ដោយសារមានការខិតខំប្រឹងប្រែង មានចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃនិងសំខាន់ខ្លាំងណាស់ ពិសេសក្រោមការដឹកនាំរបស់លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង ។
លោកនាយកវិទ្យាល័យសូមថ្លែងអំណរគុណចំពោះលោក លោក លោកស្រីគណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតីចូលរួមចំណែកអភិវឌ្ឍន៍បរិស្ថានវិទ្យាល័យស្វាយរៀងឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យដ៏ត្រចះត្រចង់ គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខ័ណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។
សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀងដែលមានទីតាំងស្ថិតនៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន៥.០០០.០០០រៀលផងដែរ៕
ដោយ៖យឹម សុថាន