នៅក្នុងពិធីឡើងកាន់តំណែង របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នឹងត្រូវធ្វើឡើងនៅក្នុងទីលាន មុនអគាររដ្ឋសភា នាថ្ងៃទី១០ខែឧសភា ដោយត្រូវចំណាយប្រាក់យ៉ាងតិច ៣,៣ ពាន់លានវ៉ន ជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។
តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាច របស់រដ្ឋាភិបាលថ្មី នៅថ្ងៃទី ២០ខែមេសា បានប្រកាសថា មានភ្ញៀវអញ្ជើញចូលរួមប្រមាណ ៤១ពាន់នាក់ នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងពិធីនេះ ក្នុងនោះមានប្រមុខដឹកនាំនយោបាយសំខាន់ៗ មន្ត្រីការទូត តំណាងក្រុមហ៊ុន ពលរដ្ឋ …។ តំណាងគ្រួសារជនរងគ្រោះក្នុងហេតុការណ៍លិចនាវា Cheonan កាលពីឆ្នាំ២០១០ នឹងត្រូវបានអញ្ជើញឲ្យចូលរួមផងដែរ។
តាមការប្រកាសរបស់គណៈកម្មការផ្ទេរអំណាចបានលើកឡើងថា ចំនួនភ្ញៀវអញ្ជើញបានកើនឡើងខ្ពស់ ដោយសារតែ កូរ៉េខាងត្បូងបានសម្រេចលុបចោលវិធានការរឹតត្បិតប្រឆាំងកូវីដ-១៩ លើកលែងតែការពាក់ម៉ាស់។ កន្លងមកគណៈកម្មការផ្ទេរអំណាចបានឡើងគម្រោងអញ្ជើញអ្នកចូលរួមប្រមាណ១ពាន់នាក់ ប៉ុន្តែពេលនេះបានកើនឡើងជាង ៤ម៉ឺននាក់៕ដោយ៖ ធីរីណា
រូបថត ៖ TTXVN