ខេត្តសៀមរាប ៖ មន្ត្រីសាលាស្រុកពួកម្នាក់ ដែលបានដើរទៅបត់ជើងតូចរអិលធ្លាក់ចូលអាងក្រពើត្រូវក្រពើខាំបោករងរបួសធ្ងន់ ហើយត្រូវបានគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរនោះបានស្លាប់ហើយ ដោយសាររបួសធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យអស់លទ្ធភាពក្នុងការព្យាបាល។
សូមរម្លឹកថា នៅវេលាម៉ោង១យប់អធ្រាត្រថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២២ ក្នុងភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក បុរសឈ្មោះ ស៊ូ សុធា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់ នៅភូមិឃុំកើតហេតុ មុខរបរមន្ត្រីរដ្ឋបាលសាលាស្រុពួក ត្រូវបានសត្វក្រពើខាំបណ្ដាលឱ្យរងរបួសជាច្រើនកន្លែងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបហើយដោយសភាពធ្ងន់ពេកក៏ត្រូវបានគ្រួសារដឹកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតក្រុងភ្នំពេញ។
បន្ទាប់ពីមានការភ្ញាក់ផ្អើលមកកម្លាំងសមត្ថកិច្ចបានចុះ ទៅដល់កន្លែងកើតហេតុ រួចសួរនាំក្រុមគ្រួសារជនរង គ្រោះបានរៀបរាប់ឲ្យដឹងថា ជាប្រចាំជនរងគ្រោះ ជាប្តី ឈ្មោះ (ស៊ូសុធា) ជាអ្នក មើលថែទាំការចិញ្ចឹមសត្វក្រពើនិងដេកចងអង្រឹងនៅលើរោងទ្រុងក្រពើតែម្នាក់ឯង។
ប្រភពពីសាច់ញាតិបន្តថា នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងក្រុមគ្រួសារជួបជុំគ្នាផឹក អស់ស្រាបៀរ១កេសហើយ បែកគ្នាទៅដេករៀងៗខ្លួន។ ចំណែកជនរងគ្រោះបានឡើងទៅដេកនៅរោងលើទ្រុងក្រពើលុះនៅម៉ោងចន្លោះ០១និង០០នាទីយប់ អាធ្រាត ក៏បានលឺសំឡេង ជនរងគ្រោះស្រែកឲ្យជួយហើយលឺដល់អ្នកផ្ទះជិតខាងនិងអ្នកផ្ទះ ក៏ នាំគ្នាក្រោកទៅមើល នៅចំណុចរោងដេកលើទ្រុងក្រពើក៏បានឃើញជនរង គ្រោះធ្លាក់ចូលក្នុងអាងទឹកក្រពើ ត្រូវបានសត្វក្រពើខាំបោកទាញហើយនាំគ្នាយកឈើជួយវាយក្រពើដើម្បីសង្គ្រោះ ដើម្បីយកជនរងគ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបានឲ្យដឹងថាទ្រុងចិញ្ចើមសត្វក្រពើមានច្រើនអាងជាប់គ្នាជុំបងប្អូន ដោយឡែកទ្រុងជនរង គ្រោះធ្លាក់ចូល គឺទ្រុងទំហំ១០ម៉ែត្រ×១២ ម៉ែត្រ អាងទឹកទំហំ ៧ម៉ែត្រ×៨ម៉ែត្រ ក្នុងនោះសត្វក្រពើប្រភេទមេពូជ និងក្រពើឈ្មោល ចំនួនជាង២០ក្បាល(ធំៗ)។
សមត្ថកិច្ចបានឲ្យដឹងថា បច្ចុប្បន្នជនរងគ្រោះដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនោះត្រូវបានគ្រូពេទ្យ ប្រាប់ទៅគ្រួសាររងគ្រោះថា ដោយសារមុខរបួសធ្ងន់ធ្ងរនិងច្រើនកន្លែងពេក មិនអាចព្យាបាលជានោះទេដោយឲ្យដឹកមកផ្ទះវិញ ហើយក៏ត្រូវស្លាប់តាមផ្លូវតែម្តង៕
ដោយ៖ សូរិយា