ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យបោះឆ្នោតទូទាំងរាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការបែងចែកកម្លាំងការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ តាមមណ្ឌល និងការិយាល័យបោះឆ្នោត ទូទាំងរាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) ដោយមានការចូលរួមពីលោកស្នងការនគរបាលរាជធានី-ខេត្ត ទាំង ២៥ និងលោកស្នងការរងពាក់ព័ន្ធមួយចំនួនផងដែរ។

នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងចំនួន ២ចំនុច៖ 

១-ការផ្ទៀងផ្ទាត់កម្លាំងជាក់ស្តែង ដែលស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានធ្វើរួចផ្ញើមកលេខាធិការដ្ឋាន នៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍សម្រាប់ការបោះឆ្នោត។

២-ការសួរបញ្ជាក់បន្ថែមអំពីមូលហេតុនៃបញ្ហាប្រឈមនានាពាក់ព័ន្ធដល់ការប្រើប្រាស់កម្លាំង។ 

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៏បានណែនាំដល់ស្នងការនគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធនឹងការបណ្តុះបណ្តាលប្រជាការពារ និងភា្នក់ងារសន្តិសុខសម្រាប់ការពារការិយាល័យបោះឆ្នោត ដែលតាមផែនការបណ្តុះបណ្តាលនឹងបញ្ចប់នៅចុងខែមេសាខាងមុខនេះ ក្រោយការបណ្តុះបណ្តាលចប់ត្រូវចុះពិនិត្យឡើងវិញថាតើពួកគាត់ទទួលបានការយល់ដឹងកម្រិតណា ទន្ទឹមនោះក៏ត្រូវពិនិត្យអំពីអកប្បកិរិយា និងក្រមសីលធម៌ផងដែរ។ លោកឧត្តមសេនីយ៍ឯក​ ឆាយ​ គឹមខឿន​ ក៏បានបញ្ជាក់ដល់ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន ដែលមានតួលេខអំពីការប្រើប្រាស់កម្លាំងនៅមិនទាន់ច្បាស់លាស់ សូមពិនិត្យ និងកែសម្រួលឡើងវិញ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តាងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថ្លែងអំណរគុណដល់ស្នងការនគរបាលរាជធានី-ខេត្តទាំង២៥ ដែលបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បានល្អប្រសេីរជូនប្រជាពលរដ្ឋក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីនេះ៕

ដោយ​៖ស​ តារា​


ចែករំលែក៖