ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរបរទេស ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចូលមកកម្ពុជា ពី១៤ថ្ងៃ មកត្រឹមតែ០៧ថ្ងៃវិញ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា, យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ លើលិខិតចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក.) គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបអំពីការ កែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចំពោះអ្នកដំណើរមកពីបរទេសដែលមិនបានចាក់វ៉ាក់សាំង ឬមិនទាន់បាន ចាក់វ៉ាក់សាំងពេញលេញដូចខាងក្រោម៖

១-កែសម្រួលរយៈពេលធ្វើចត្តាឡីស័ក ពីរយៈពេល ១៤ថ្ងៃ មកនៅត្រឹមរយៈពេល ៧ថ្ងៃ។

២-កែសម្រួលលក្ខខណ្ឌធ្វើតេស្តចំពោះអ្នកធ្វើចត្តាឡីស័កដូចតទៅ៖

 ក-អ្នកដំណើរមកពីបរទេសចូលតាមផ្លូវអាកាស៖ ត្រូវធ្វើតេស្តរហ័សនៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។

ខ-អ្នកដំណើរមកពីបរទេសតាមព្រំដែនគោក៖ ត្រូវធ្វើតេស្តរហ័សចំនួនពីរលើក ដែលលើកទី១ នៅថ្ងៃទី១ មុនពេលចូលមណ្ឌលចត្តាឡីស័ក និងលើកទី២ នៅថ្ងៃទី៧ ដើម្បីបញ្ចប់ការធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តរក្សាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី១ ឬដូសទី២ (ចំពោះអ្នកដែលបានចាក់ដូសទី១រួច ហើយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចាក់ដូសទី២ តាមរបប ចាក់វ៉ាក់សាំង) ដូចដែលបានអនុវត្តរហូតមកដល់ពេលនេះជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅថ្ងៃដែលត្រូវ បានអនុញ្ញាតឱ្យចាកចេញពីមណ្ឌលចត្តាឡីស័ក។

សេចក្ដីប្រកាសព័ត៌មាននេះមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕ 

ដោយ ៖ សូរិយា


ចែករំលែក៖